បន្ទាយមានជ័យ៖ លោក លី សារី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តបន្ទាយមានជ័យ បាននិងកំពុងធ្វើឱ្យខេត្តនោះកើតមានសំណង់ខុសច្បាប់អនាធិបតេយ្យ ច្រើនឡើងៗរីកដូចផ្សិតព្រោង ព្រាត។
មិនតែប៉ុណ្ណោះ គឺសំណង់ខុសច្បាប់អនាធិបតេយ្យទាំងនេះក៏ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ ខេត្តបន្ទាយមានជ័យ ទាំងមូលដែលជាខេត្តមួយមានជនទេសចរជាតិ – អន្តរជាតិរាប់សែននាក់ តែងឆ្លងកាត់រាល់ថ្ងៃរាល់ខែ រាល់ឆ្នាំ តាមច្រកទ្វារអន្តរជាតិ-ប៉ោយប៉េត ព្រំដែនកម្ពុជា-ថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថាថ្មីៗនេះប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់សុរិយោដីខេត្តបន្ទាយមានជ័យ ឈ្មោះ លី សារីកំពុងជាប់ឈ្មោះជាមន្ត្រីល្បីឈ្មោះខាងប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងជាងគេ ក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រី ៧-៨នាក់មកធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយរួចមក ថ្មីៗនេះ ។
ពាក់ព័ន្ធជុំវិញរឿងសំណង់ខុសច្បាប់ដែលធ្វើឱ្យប្រជាពលរដ្ឋជាអ្នករងថ្មបាក់នេះដែរ ក្រុមប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យក៏ បាននិយាយរិះគន់ធ្ងន់ៗទៅលើបុគ្គល លី សារី ថាកាលពីអាណត្តិប្រធានមន្ទីរមុនៗខេត្តបន្ទាយមានជ័យ មិនមានសំណង់ខុសច្បាប់និងចុះហត្ថលេខាផ្តេសផ្តាសយ៉ាងអនាធិបតេយ្យនោះទេ ។
ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀងធ្លាប់បានកោះហៅមន្ត្រី ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យមកធ្វើការស៊ើបសួរកាលពីចុងសប្តាហ៍ទី១ និងដើមសប្តាហ៍ទី២ ខែមករាឆ្នាំ២០១៤កន្លងមកនេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយរួចមកហើយ ។ គេចាំមើលមើល៍តើអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀងអាចមានចំណាត់ការដែរឬទេ ចំពោះលោក លី សារីដ៏មានឥទ្ធិពលរូបនេះ?
តាមប្រភពអះអាងទៀតថា នៅក្នុងចំណោមមន្ត្រីៗទាំងនោះ គេបានសង្កេតឃើញថា មានតែលី សារី ម្នាក់គត់ដែលជាមេខ្លោងធំល្បីឈ្មោះក្នុងរឿងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ និងខ្នងបង្អែកគាត់ក៏ក្រាស់រឹងមាំជាងគេដែរ ។
ពាក់ព័ន្ធនឹងបញ្ហាសំណង់អនាធិបេតយ្យ លោក គោ ស៊ុំសារឿតជាអភិបាលខេត្តថ្មីនៃខេត្តបន្ទាយមានជ័យ បានធ្វើលិខិតផ្លូវការមួយចេញសេចក្តី ណែនាំឱ្យប្រជាពលរដ្ឋទាំងឡាយ ដែលបាននិងកំពុង ធ្វើសំណង់ខុសច្បាប់តាមបែបអនាធិបតេយ្យទាំងអស់ ត្រូវតែធ្វើការរុះរើសំណង់ដោយខ្លួនឯងជាបន្ទាន់ដោយមិននិយាយពីការគ្មានប្លង់ឬក៏មានប្លង់ដែលចុះហត្ថលេខាលើប្លង់ដោយប្រធានសុរិយោដី លី សារី ឡើយ ។ បើមិនដូច្នេះទេ អាជ្ញាធរមូលដ្ឋាននឹងបង្ខំចិត្តចុះទៅធ្វើការរុះរើដោយគ្មានសំណងឡើយ ។ហើយម្ចាស់សំណង់ខុសច្បាប់ទាំងនោះដាច់ខាត ក៏ត្រូវតែទទួលរងនូវការផាកពិន័យតាមរយៈការតម្រូវឱ្យចេញលុយ ថ្លៃពលកម្មដល់អាជ្ញាធរ ដែលចុះទៅរុះរើសំណង់ទាំងនោះថែមទៀតផង ៕ ដោយ៖ សម្បត្តិ សីហា