ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ វែកមុខ​ក្រុម​បាញ់​ប្លន់​រថយន្ដ​តាក់ស៊ី ​

សមត្ថកិច្ច​ វែកមុខ​ក្រុម​បាញ់​ប្លន់​រថយន្ដ​តាក់ស៊ី ​

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤​នេះ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​វែកមុខ​ជនសង្ស័យ ស្ដីពី​ករណី ឃាតកម្ម​គិតទុក​ជាមុន អំពើ​លួច ឃាតកម្ម​ដោយ​ការប្រើ​ថ្នាំពុល កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០១៤ នេះ ដែល​បាន​ប្រព្រឹត្ត នៅ​ចំណុច​ផ្ទះសំណាក់ ហេ​ប​ភី​ឡា​ហ្វ ដែល​ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង​̸​ខេត្តសៀមរាប ដែល​បង្កដោយ​ជនសង្ស័យ ឈ្មោះ ប៊ុន ភិ​រុណ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិ​ល្វា​លើ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​
​យោងតាម​បទបញ្ជា របស់ លោក ម៉ន សាម៉ុន មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្តសៀមរាប សម្រាប់​កិច្ចការ ស៊ើបសួរ ស្រាវជ្រាវ​ចំពោះ​ករណីនេះ និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​ង និង​ជា​ប្រធាន មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ និង​បាន​ដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម សាលាដំបូង ខេត្តសៀមរាប សមត្ថកិច្ច កងរាជអាវុធហត្ថ បាន​ស្រាវជ្រាវ និង​រកឃើញ​ករណី និង​ភស្ដុតាង​មួយ ចំនួន ទាក់ទង ករណី ឃាតកម្ម​គិតទុក​ជាមុន អំពើ​លួច ឃាតកម្ម​ដោយ​ការប្រើ​ថ្នាំពុល ។​
​ស្ដ្រី​ម្ចាស់​ផ្ទះសំណាក់ ហាប​ភី​ឡា​ហ្វ ឈ្មោះ ពេជ្រ សុផល​លាភ អាយុ ៤២​ឆ្នាំ បាន​ឲ្យ​ដឹងថា គឺ​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ មានឈ្មោះ ប៊ុន ភិ​រុណ បានមក​ស្នាក់​សម្រាក់​នៅបាន​រយៈពេល​២​ថ្ងៃ ហើយ​ជនសង្ស័យ ខាងលើនេះ បាន​នាំ​មិត្តភក្ដិ​ចំនួន​២​នាក់  មក​ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើនេះ ហើយ​បាន​ប្រាប់ថា មិត្ត រួម​ការងារ​ជាមួយគ្នា ហើយក៏​ត្រឡប់​ទៅវិញ ។ ឈ្មោះ ប៊ុន ភិ​រុណ បានមក​ស្នាក់​ជា​រៀងរាល់ខែ រហូតដល់ ថ្ងៃទី​១២ មករា ឆ្នាំ​២០១៤ ជននេះ បានមក​ផ្ទះសំណាក់​ម្ដងទៀត ហើយ​បាន​ទិញ​ផ្លែឈើ មក​ផ្ញើ​អ្នក​នៅផ្ទះ សំណាក់​ញ៉ាំ តែ​គាត់​មិនបាន​ញ៉ាំ​ឡើយ ។​
​ពេលនោះ​ឈ្មោះ ភិ​រុណ បាន​និយាយថា បាន​យកទៅដាក់​ក្នុង​ទូទឹកកក រហូតដល់​ថ្ងៃទី​១៦ មករា ឈ្មោះ នេះ​បាន​និយាយ​ជាមួយ​ខ្លួន នៅពេល​កំពុង​មើល​កូន ហើយ​ខ្លួន​គាត់​បាន​សួរថា ទឹកដោះគោ​លាយ​ជាមួយ​ទឹក សណ្ដែក​នេះ​ឆ្ងាញ់ រួច​ឲ្យ​គាត់​សាកមើល តែ​គាត់​បដិសេធ​។ នៅ​ព្រឹក​នោះ​ផងដែរ កូន​របស់គាត់​ឈឺ ហើយ​គាត់ បាន​នាំទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ប្រាប់ថា កូន​ត្រូវ​ថ្នាំពុល ។ លុះដល់​ព្រឹក​ថ្ងៃទី​១៧ ខែមករា ២០១៤ ឈ្មោះ ប៊ុន ភិ​រុណ បានធ្វើ​សកម្មភាព​លួច អាយ​ភេត ពណ៌​ខ្មៅ​របស់ខ្លួន ១​គ្រឿង រួច​ក៏​ចេញទៅ​ក្រៅ ។​
​លោក​មេបញ្ជាការរង អ​.​ហ ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា យោង​ម្ចាស់​ផ្ទះសំណាក់ ហាប​ភី ឡា​ហ្វ បាន​ប្ដឹង​មក សមត្ថកិច្ច អ​.​ហ ខេត្តសៀមរាប សមត្ថកិច្ច​ក៏បាន​ឃាត់​សួរនាំ ឈ្មោះ ប៊ុន ភិ​រុណ និង​ដោយ​បុគ្គល​នេះ មាន អាវុធ​ជាប់​ជាមួយ​ផង​នោះ គេ​ក៏បាន​សារភាពថា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ២០១៣ ខ្លួន​បាន​ប្លន់​យក​រថយន្ដ តាក់ស៊ី កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ ភ្នំពេញ 2W-0410 ពី​អ្នករត់​កាត់​ស៊ីឈ្នួល​ម្នាក់ ដោយ ម៉ៅ​ពី​ភ្នំពេញ​មកកាន់​សៀមរាប ក្នុងតម្លៃ ១០០​ដុល្លារ និង​ជិះ​វៀង​តាម​កំពង់ចាម គឺ​ជិះ​តែម្នាក់ឯង រួមជាមួយ ម្ចាស់​តាក់ស៊ី ។​
​ពេល​ជិះ​មកដល់ ចំណុច​ម្ដុំ​ចំការកៅស៊ូ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ជន សង្ស័យ​បាន​ឲ្យ​ម្ចាស់​តាក់ស៊ី​ឈប់ ដើម្បី​ខ្លួន​ចុះ​នោម ពេល​រថយន្ត​ឈប់ គេ​ក៏បាន​ចុះ​ពី​រថយន្ត ហើយ​បាន​ដក កាំភ្លើង ម៉ាក​កា​ហា​បួន (K54)​ដែល​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ រ៉ា បាន​បាញ់​សំដៅ​ទៅលើ​អ្នកបើករថយន្ត ចំនួន​១​គ្រាប់ ចំ​ទ្វារ​រថយន្ដ​ធ្លុះ ទៅ​ចំ​អ្នកបើករថយន្ត ហើយ​ខ្លួន​ក៏បាន ស្រែក​គម្រាមថា ឲ្យ​ចេញពី​ឡាន ពេលនោះ​អ្នកបើករថយន្ត បាន​ចេញពី​ឡាន ជនសង្ស័យ​ក៏បាន​ចូលទៅ​បើករថយន្ត ដែល​ប្លន់​នោះ​ជិះ​សំដៅ ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​តាម​ចម្លើយសារភាព ជនសង្ស័យ​បាន​ស្នាក់នៅ​ខេត្តឧត្ដរមានជ័យ មួយ​យប់ ក៏បាន​យក​រថយន្ដ​បា​ឡែ​ន​នោះ ទៅ​ដូរ​ជាមួយនឹង​នគរបាល ដែល​ឈរជើង​នៅ​ខេត្ត​នោះ ដែលមាន​ឈ្មោះ ស៊ិន សៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ដែល​ឡាន​របស់ ស៊ិន សៅ ជិះ​ម៉ាក​បា​ឡែ​ន ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2G-3993 បាន​ដូរ​ជាមួយ​រថយន្ដ​របស់ខ្លួន​ដែល​ប្លន់​បាន ហើយ ស៊ិន សៅ ថា ជា​រថយន្ដ​របស់ខ្លួន​កាមរី​បា​ឡែ​ន ពេលនោះ​ក៏បាន​ព្រមព្រៀងគ្នា ប៉ុន្តែ​ខ្លួន​បាន​និយាយប្រាប់​ទៅ ស៊ិន សៅ ថា រថយន្ដ​របស់ខ្លួន​គ្មាន​ពន្ធ​ទេ តែ​ដោយ ស៊ិន សៅ ចង់បាន ក៏​ព្រម​ថែម​ប្រាក់​ឲ្យ​ចំនួន ៥០០​ដុល្លារ​អាមេរិក មក​ខ្លួន ។​
​បន្ទាប់ពី​បាន​រថយន្ត ដែល​ដូរ​គ្នា​ជាមួយ ស៊ិន សៅ ខ្លួន​ក៏បាន​ជិះ​ទៅ​ឡើងផ្ទះ​បងធម៌​ម្នាក់ ដែលជា​នគរបាល អាកាសចរណ៍ នៅ​រាជធានី​ភ្នំពេញ រួចខ្លួន​ក៏បាន​បញ្ចាំ​ឲ្យ​គាត់ ក្នុងតម្លៃ ២.០០០​ដុល្លារ​អាមេរិក គឺ​បញ្ចាំ​កាលពី ថ្ងៃទី​១២ ខែធ្នូ ២០១៣ ដោយ​ប្រាប់ថា ខ្លួន​បាន​ទិញ​ពី​កន្លែង​លក់​រថយន្ដ នៅ​ម្ដុំ​ផ្សារ​សាមគ្គី ខេត្តសៀមរាប ។ ហើយ​នៅក្នុង​ខែ​ឆ្នាំ​ដដែល រថយន្ត​នោះ​ក៏បាន​លក់​ទៅ​ឲ្យ​បងធម៌​ខ្លួន ក្នុងតម្លៃ ៧.៥០០​ដុល្លារ​អាមេរិក ។​
​ហើយ​លើក​ទី​២ កាលពី​ថ្ងៃទី​២ ខែធ្នូ ២០១៣ ជនសង្ស័យ​បាន​សារភាពថា  ខ្លួន​បាន​ជិះ​រថយន្ដ​កូ​ឡូឡា ពណ៌​ស្ករ​ពាក់​ស្លាក​លេខ បាត់ដំបង 2A-2523 ស៊េរី​ឆ្នាំ​១៩៩៥ មក​លក់​ឲ្យ​ពេទ្យធ្មេញ​ម្នាក់ នៅ​ក្រុង​សៀមរាប ក្នុងតម្លៃ ៣៥០០​ដុល្លារ ពេល​ទទួលបាន​ប្រាក់​ខ្លួន ក៏​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​
​លើក​ទី​៣ កាលពី​ថ្ងៃទី​១២ ខែមករា ២០១៤ ខ្លួន​បានមក​ស្នាក់ នៅផ្ទះ​សំណាក់​ហាប​ភី​ឡា​ហ្វ បន្ទាប់មក​ខ្លួន​ក៏ បាន​ទៅ​ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត ចំនួន​៦​កញ្ចប់ និង​ថ្នាំ​ងងុយដេក នៅ​ម្ដុំ​ផ្សារ​សាមគ្គី ។ លុះដល់​ល្ងាច​ថ្ងៃទី​១៦ មករា ក៏បាន​ដាក់​ថ្នាំ​ទាំងពីរ​មុខ​ខាងលើ ចូលក្នុង​ដប​ទឹក​សណ្ដែក ២​ដប់ ទឹកដោះគោ ទឹកត្នោតជូរ ដែល​បាន ខ្លាស់​សេ​ក្នុង​ទូទឹកកក ដើម្បី​ឲ្យ​ម្ចាស់ផ្ទះ ផឹក ប៉ុន្ដែ​ខ្លួន​មិន​បានឃើញ​ម្ចាស់ផ្ទះ​ផឹក​នោះទេ លុះ​ព្រឹក​ថ្ងៃទី​១៧ មករា ២០១៤ ខ្លួន​ក៏បាន​ចូលទៅក្នុង​បន្ទប់​គេង របស់​កូន​ម្ចាស់ផ្ទះ ដើម្បី​ចូលទៅ​លួច អាយ​ភេត បន្ទាប់មក​ខ្លួន ក៏បាន​យក អាយ​ភេ​តទៅ​ដាក់បញ្ចាំ នៅ​ហាង​មួយ​នៅ​ផ្សា​រញ៉ែ ក្រុង​សៀមរាប ក្នុងតម្លៃ ២០០​ដុល្លារ ហើយក៏​បាន ជិះ​ម៉​តូ​មក​ផ្ទះសំណាក់​វិញ ពេលមកដល់​ត្រូវបាន សមត្ថកិច្ច​ឃាត​ខ្លួន​តែម្ដង ។​
​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០ មករា ២០១៤​នេះ សមត្ថកិច្ច​រាជ​អាវុធហត្ថ បានបង្ហាញ​មុខសញ្ញា និង​ភស្ដុតាង​និង ការប្រគល់​រថយន្ដ និង​អាយ​ភាត ជូន​ម្ចាស់​ដើម​វិញ​។ គឺ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុន ភិ​រុណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ដកហូត​វត្ថុតាង អាវុធខ្លី កា​ហា​បួន (K54) លេខ​១៤០៨ ត​កាណុង បង់​១ និង​គ្រាប់ ៥​គ្រាប់ ថ្នាំ បំពុល​សត្វល្អិត ប្រភេទ ព្រី​វ៉ា​ផន ១​កញ្ចប់ និង​សំបក ៤​កញ្ចប់ និង​សា​រ៉ាង​ចំនួន​១ ម្ជុល​ចំនួន​៤ ។​
​និង​រថយន្ដ​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ ភ្នំពេញ 2K-2181 (​ស្លាក​លេខ​ក្លែងក្លាយ និង​ស្លាក លេខ (​ពិតប្រាកដ​) ភ្នំពេញ 2W-0410 ។ ទូរស័ព្ទ​ម៉ាក Metfone ១​គ្រឿង អាយ​ភាត ១​គ្រឿង អត្តសញ្ញាណប័ណ្ណ យោធា ១​សន្លឹក ។ ចំពោះ រថយន្ដ សមត្ថកិច្ច បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ  និង​អាយ​ភាត ក៏បាន​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ​ហើយ​ដែរ ។​
​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ជនរងគ្រោះ ដែលជា​អ្នកបើកបរ​រថយន្ដ​តាក់ស៊ី ដែល​ត្រូវបាន​ជនសង្ស័យ បាញ់ ឲ្យ​របួស​ត្រង់​ពោះ​យ៉ាងធ្ងន់ធ្ងរ កាលពី​រាត្រី​ថ្ងៃទី​៣០ កញ្ញា ២០១៣​នោះ នៅ​ព្រឹក​ថ្ងៃទី​២០​នេះ លោក​នៅមាន សភាព​ភ័យខ្លាច និង​តក់ស្លុត​យ៉ាងខ្លាំង​នៅឡើយ ហើយ​លោក​នៅមាន​ការឈឺចាប់​ខ្លាំង នៅត្រង់​ពោះ​នៅឡើយ ។​
​បើតាម​ព័ត៌មាន​ក្រៅផ្លូវការ បាន​ឲ្យ​ដឹងថា អ្វីដែល​អនិច្ចា សម្រាប់​អ្នកបើកបរ​រថយន្ដ ម្នាក់នេះ ត្រូវបាន ប្រពន្ធ​សុំ​លែងលះ និង​បែក​ពី​កូនៗ ដោយសារតែ​ប្រពន្ធ​របស់គាត់ មិន​ជឿថា​គាត់​ត្រូវ​ចោរប្លន់ បែរជា​គិតថា គាត់ យក​រថយន្ដ​នោះ​ទៅ​លក់ ឬ យ៉ាងណា​នោះ ទោះបី​គាត់​មាន​របួស​ធ្ងន់ធ្ងរ​យ៉ាង​នេះ ក្ដី​ក៏​ប្រពន្ធ​មិន​ជឿ​គាត់​ដែរ ។​
​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត សៀមរាប ដើម្បី​ចាក់​ការ​តាមផ្លូវ​ច្បាប់ ។ ហើយ​បើតាម​ព័ត៌មាន​មិន​ផ្លូវការ បាន​ឲ្យ​ដឹង​នៅពេល​ចុងក្រោយ នេះ​ថា អ្នកពាក់ព័ន្ធ​នឹង​ការដូរ​ដោះ​រថយន្ដ ជាមួយ​ជនសង្ស័យ ក៏បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ផងដែរ ។ ហើយ សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ដទៃទៀត​ផងដែរ ៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya