បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៤ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ជាសិស្សសាលាទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន បន្ទាប់ពីជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ នៅចំណុចលើផ្លូវលំមួយកន្លែង ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ការចេញបង្ក្រាបទៅលើជនសង្ស័យ គឺសមត្តកិច្ចធ្វើឡើងដើម្បីពង្រឹងនិងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាក់ស្តែង ជនសង្ស័យម្នាក់ ឈ្មោះ ឈុំ លីម៉េង ភេទប្រុសអាយុ១៦ឆ្នាំ ប្រកបមុខរបសិស្សបច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅថ្ងៃខាងលើ ខណៈជនសង្ស័យរូបនេះកំពុងធ្វើ សកម្មភាពជួញដូរ គ្រឿងញៀន ។ ការចុះបង្ក្រាបទៅលើជនសង្ស័យ សមត្ថកិច្ចឆែក ឆេររកឃើញនិងដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន២កូនថង់ ទម្ងន់៦,៥ក្រាម ទូរស័ព្ទដៃ១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ថ្នាំញៀនទាំងនេះ ត្រូវពូជីដូនមួយរបស់ខ្លួន ប្រើកាន់យកទៅលក់ឲ្យមនុស្សម្នាក់ តែគេមិន ស្គាល់ឈ្មោះអ្នកទិញនោះទេ ហើយសកម្មភាពនេះ រូបគេបានប្រព្រឹត្តចំនួន៤លើកមកហើយ ប៉ុន្តែលើក ក្រោយនេះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង៕