កំពង់ស្ពឺ ៖បុរសម្នាក់ត្រូវមនុស្សមួយក្រុមមកកាប់បណ្តាលឲ្យក្បាលដាច់ចេញពីដងខ្លួន ខណៈជនរងគ្រោះទៅចូលរួមក្នុងពិធីបុណ្យដារលានភូមិហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ។សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខៀវ ប៉នអាយុ៥៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋក្នុងភូមិ នៅវេលាយប់ថ្ងៃទី១៨ ខែមករាឆ្នាំ២០១៤ នៅក្នុងភូមិមានរៀបចំពិធីបុណ្យដាលានហើយប្រជាពលរដ្ឋក៏បានចូលរួមក្នុងពិធីបុណ្យនេះយ៉ាងច្រើនផងដែរក្នុងនោះក៏មានជនរងគ្រោះនិងមានការផឹកស៊ីនៅកន្លែងបុណ្យហើយក៏បាត់ជនរងគ្រោះក្នុងយប់នោះទៅតែក៏គ្មានអ្នកណាចាប់អារម្មណ៍ថា ជនរងគ្រោះទៅណានោះដែរ ។លុះព្រឹកឡើងម៉ោងជាង៨ព្រឹក ថ្ងៃទី១៩ ខែមករា ទើបប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង អាយុ២៥ឆ្នាំរស់នៅភូមិបឹងស្តុក បានដើររកជីកកណ្តៀរស្រាប់តែប្រទះឃើញសពបុរសរងគ្រោះក្នុងវាលស្រែដោយត្រូវគេកាប់ដាច់ក្បាលក៏រាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យតែម្តង ។
លោក សម ចន្ថាអធិការនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា សពជនរងគ្រោះអាចត្រូវក្រុមជនដៃដល់សម្លាប់តាំងពីអំឡុងម៉ោង៩យប់ថ្ងៃទី១៨ ខែមករាមកម្ល៉េះ ។សពជនរងគ្រោះត្រូវក្រុមជនដៃដល់សម្លាប់ដោយកាត់ក្បាលនៅជិតសាលាបុណ្យដារលានភូមិចម្ងាយ១០០ម៉ែត្រពីកន្លែងកើតហេតុហើយនៅពេលកាត់ក្បាលរួចហើយក្រុមជនសង្ស័យបានយកខ្សែនីឡុងពណ៌ខ្មៅចងដៃស្តាំនិងជើងស្តាំជនរងគ្រោះហើយអូសកាត់វាយស្រែចម្ងាយប្រហែល៦០០ម៉ែត្រទើបទុកសាកសពចោលនៅទីនោះ ។
លោក ហ៊ុន សុភាពមន្ត្រីនគរបាលបច្ចេកទេសដែលបានចុះមកពិនិត្យសាកសពបានឲ្យដឹងថានៅលើខ្លួនសាកសពមានស្នាមកាប់ត្រង់ស្មាស្តាំ២កន្លែងនិងគន្លាក់ដៃឆ្វេងមួយកាំបិត ហើយក្បាលត្រូវកាត់ចេញពីដងខ្លួនបាត់។
សពជនរងគ្រោះក្រោយពីសមត្ថកិច្ចត្រួតពិនិត្យហើយក៏បានប្រគល់ទៅឲ្យឈ្មោះ ខៀវ វឿន ភេទប្រុស អាយុ៦៧ឆ្នាំ ដែលត្រូវជាបងបង្កើតទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការខ្សឹបខ្សៀវពីប្រជាពលរដ្ឋនៅក្នុងភូមិថា ជនរងគ្រោះគឺជាមនុស្សចេះអំពើអាបធ្មប់និងធ្វើអំពើទៅលើគេឯងនៅក្នុងភូមិទើបអ្នកខ្លះកើតការក្តៅក្រហាយចងគំនុំជាមួយជនរងគ្រោះហើយឈានដល់ការកាប់សម្លាប់បែបនេះ ។តែមជ្ឈដ្ឋានខ្លះក៏បានអះអាងថាទោះជាយ៉ាងណាក្តីក៏មិនត្រូវប្រព្រឹត្តអំពើមនុស្សឃាតបែបនេះដែរព្រោះជាអំពើខុសនឹងច្បាប់ ។ វាជារឿងពិបាកនិងស្មុគស្មាញបន្តិចចំពោះសមត្ថកិច្ចដែលស្វែងរកក្រុមជនសង្ស័យ ព្រោះបើតាមដឹងការចងអាឃាតរបស់ក្រុមជនសង្ស័យទៅលើជនរងគ្រោះគឺជាអំពើរួមគ្នារបស់មនុស្សមួយចំនួនធំនៅក្នុងភូមិ ។ ប៉ុន្តែទោះជាអ្នកប្រព្រឹត្តច្រើននាក់ក្តី សមត្ថកិច្ចនៅតែស្រាវជ្រាវដើម្បីចាប់ជន ដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕