ភ្នំពេញៈ តារាចម្រៀងស្រីឈានមុខរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាងឱកសុគន្ធកញ្ញា បានបង្ហាញវត្តមានជាថ្មី ក្នុងនាមភ្ញៀវកិត្តិយសថ្ងៃក្រុមហ៊ុនហង្សម្ចាស់ដីគម្រោង Eco Hero បានរៀបចំពិធីជប់លៀង និងធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្ត Masda ស៊េរីឆ្នាំ២០១៩ មួយគ្រឿងជាលើកទី២ យ៉ាងអធឹកអធ័ម ជូនដល់ម្ចាស់ចម្ការនៅខេត្តសៀមរាប ដោយអ្នកត្រូវរថយន្តជាលើកទី២ បន្ទាប់ពីអ្នកប៉ោយប៉ែតនេះ គឺមកពីកំពង់ចាម។
អតិថិជន ដែលឈ្នះរង្វាន់រថយន្តតម្លៃម៉ឺនដុល្លារនេះ គឺអ្នកស្រី សឿន ធីតា អាយុ២៩ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប នៅកោះរការ ខេត្តកំពង់ចាម។
អ្នកស្រី សឿន ធីតា មានឱកាសត្រូវបានរថយន្តមួយគ្រឿងពីការចាប់ឆ្នោត ដោយសារតែអ្នកស្រី បានទិញចម្ការដូងក្រអូបមួយហិកតា នៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប កាលពីជាង២ខែមុន ហើយត្រូវបានក្រុមហ៊ុនហង្សម្ចាស់ដី ផ្ដល់សន្លឹកឆ្នោតមួយសន្លឹក អោយចូលរួមចាប់ឆ្នោតផ្សងសំណាង។
អ្នកស្រីថា អ្នកស្រីធ្វើដំណើរមកពីខេត្តកំពង់ចាម ដោយមិននឹកស្មានថា មានសំណាងត្រូវបានរថយន្តតម្លៃម៉ឺនដុល្លារត្រឡប់ទៅផ្ទះពីហង្សម្ចាស់ដីបែបនេះឡើយ ទើបអ្នកស្រីអរចង់គាំងបេះដូង នៅពេលមានការប្រកាសថា គឺជាអ្នកឈ្នះរង្វាន់។ នៅក្នុងពិធីនោះ ក៏មានការចាក់បង្ហាញវីដេអូ ពីសកម្មភាពឈូសឆាយ និងការអភិវឌ្ឍគម្រោង ដើម្បីបញ្ជាក់ថា គម្រោងហង្សម្ចាស់ដី ពិតជាចម្ការជូនអតិថិជន ដោយមិនមែនជាគម្រោងខ្យល់នោះផងដែរ។
អ្នកស្រីត្រូវបានក្រុមហ៊ុនធ្វើពិធីប្រគល់រថយន្តអោយដោយផ្ទាល់ និងព្រឹកថ្ងៃបន្ទាប់ បន្ទាប់ពីចាប់ឆ្នោតហើយ។ នៅក្នុងពិធីនោះ ក៏មានចូលរួមពីតំណាងជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ និងពីអាជ្ញាធរខេត្តជាច្រើនរូបផងដែរ ខណៈដែលពិធីជប់លៀង និងចាប់ឆ្នោតត្រូវបានធ្វើឡើងយ៉ាងអធឹកអធ័ម នៅក្នុងសាលធំរបស់សណ្ឋាគារសុខាលើផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។
អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលបានចូលរួមជាភ្ញៀវ កិត្តិយសថ្ងៃ ដែលក្រុមហ៊ុនប្រគល់រថយន្តជូនអតិថិជនរបស់ខ្លួន។ តារារូបនេះបន្តថា គម្រោង ហង្សម្ចាស់ដី គឺជាគម្រោងមួយដ៏ធំអាចឱ្យអតិថិជនជឿ និងទុកចិត្តបាន៕