ភ្នំពេញ៖ស្រី្តម្នាក់ ដែលសមត្ថកិច្ច អះអាងថាជាតារាចម្រៀង ត្រូវបានកម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញដឹកនាំដោយតំណាងអយ្យការ បានចុះទៅឃាត់ខ្លួននៅផលិតកម្មឆ្លងដែន ឈ្មោះ អូ រស្មី ពីបទនាំក្មេងស្រីមិនទាន់គ្រប់អាយុ ទៅរួមភេទជា មួយអណិកជន និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តមរួមនឹងតាតា បន្ទាប់ពីស្ត្រីសង្ស័យជាតារាចម្រៀងរូបនេះ បានប្រាប់ក្មេងស្រីរងគ្រោះថាក្រោយរួមភេទជាមួយ ភ្ញៀវរួចហើយ នោះនឹងធ្វើឲ្យក្លាយជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា និងក្លាយខ្លួនជាអ្នកមានលុយកាក់ចាយវាយច្រើន។
មន្ត្រីនគរបាល នៃការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីឈ្មោះ អូ រស្មី នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចនាថ្ងៃទី១៨ខែមករា ឆ្នាំ២០១៤ នេះ ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះដែលមានអាយុ ប្រមាណ ១៤-១៥ឆ្នាំនេះ។ កម្លាំងនគរបាល បានសុំគោលការណ៍ពី លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ស្នងការនិងស្នងការរងទទួលផែនរាជធានីភ្នំពេញ ដើម្បីបើកការស្រាវជ្រាវ ហើយក៏ឈានទៅដល់ការចុះឆែកឆេរផ្ទះស្ត្រីសង្ស័យ ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួន តារាចម្រៀង រូបនេះតែម្តង។
មន្ត្រីនគរបាលរូបនេះ បានបន្តទៀតថា ស្ត្រីសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះ ដែលជាសិស្សសាលា មិនទាន់គ្រប់អាយុដែលចង់ក្លាយខ្លួនជាតារាចម្រៀង និងចង់ឡើងប៉ុស្តិ៍ទូរទស្សន៍នោះ ទៅរួមភេទជាមួយភ្ញៀវជាអណិកជន អស់រយៈពេល២ថ្ងៃ មកហើយ ដោយសន្យាថា នឹងធ្វើឲ្យក្មេងស្រីរងគ្រោះក្លាយជាតារាចម្រៀង ដ៏ល្បីនៅក្នុង ប្រទេសកម្ពុជា ដោយស្ត្រី អូ រស្មី នេះបានទទួលលុយពីភ្ញៀវរាប់សិបពាន់ដុល្លារក្នុងម្នាក់ៗ ហើយឱ្យទៅក្មេងស្រីនោះបន្តិចបន្តួចប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយការចាប់ខ្លួនស្ត្រីសង្ស័យ ខាងលើនេះមិនដល់កន្លះម៉ោងផង ស្រាប់តែមានអន្តរាគមន៍កើតឡើងជាបន្តបន្ទាប់ពីអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានបុណ្យស័ក្តិមួយចំនួនដែល ធ្លាប់បានទទួលយកស្រីក្មេងនេះទៅរួមភេទ។ បទអន្តរាគមន៍បានសុំឲ្យមានការដោះលែងរូបនាង ។ ប៉ុន្តែដោយមានបទបញ្ជាពីថ្នាក់លើស្ត្រីសង្ស័យរូបនេះ ក៏ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
បើតាមមន្ត្រី នគរបាល ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះបានបញ្ជាក់ថា ស្ត្រីសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់និងធ្លាប់ធ្វើទង្វើបែបនេះ នាពេលកន្លងទៅ ដែលមានក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុ ជាច្រើននាក់ ត្រូវបានចាញ់បោក ហើយធ្លាក់ខ្លួន អស់ព្រហ្មចារី និងទទួលបានកម្រៃបន្តិចបន្តួចពីស្ត្រី អូ រស្មី នេះ ។
យោងតាមចម្លើយសារភាព របស់ស្ត្រីសង្ស័យ សមត្ថកិច្ចបានថ្លែងគូសបញ្ជាក់ទៀតថា មានតារាចម្រៀង មួយចំនួនទៀត ដែលរកស៊ីបែបនេះដោយលួងលោម និងបោកបញ្ឆោតក្មេងស្រី មិនទាន់គ្រប់អាយុ ទៅរួមភេទជាមួយភ្ញៀវជាអ្នកមានលុយ មានបុណ្យស័ក្តិដែលគេនិយមហៅថា តា តា តា ហេតុដូច្នេះសមត្ថកិច្ច បាននិងកំពុងបើកការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅឃាត់ខ្លួនតារាចម្រៀងដែលឆ្លៀតរកជំនួញជួញដូរផ្លូវភេទបែបនេះ ដើម្បីនាំខ្លួនមកទទួលទោសចំពោះទង្វើខុសច្បាប់បែបនេះ៕
ដោយ៖ លីហ៊ាង