ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងត្រូវអគ្គិភ័យដ៏ កំណាចមួយ បំផ្លាញ គ្មានសល់ និងបានឆក់យកជីវិតម្ចាស់ផ្ទះម្នាក់ដោយបន្សល់ទុកប្រពន្ធ និងកូន៤នាក់ (កូននៅក្នុងផ្ទៃម្នាក់)ឲ្យនៅកំព្រាកាលពីវេលា ម៉ោងប្រមាណ ១និង៤០នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលំជាប់ មាត់ស្ទឹង ក្នុងភូមិគ្រួសសង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថានៅវេលាម៉ោង កើតហេតុ ខាងលើនេះមានការភ្ញាក់ផ្អើល ផ្ទះប្រជាពលរដ្ឋ នៅក្នុងដីឡូត៍ មួយកន្លែងត្រូវបានភ្លើងឆាបឆេះ ហើយ កម្លាំងនគរបាលមូលដ្ឋាន ដឹកនាំ ដោយលោកអធិការម៉ក់ ហុង បានទាក់ទង រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងរថយន្តរបស់ ក្រុមហ៊ុន ប្រេងតេឡា ចំនួន៥គ្រឿងមកជួយអន្តរាគមន៍ ជាបន្តបន្ទាប់ តែដោយសារ យប់ជ្រៅនិងផ្លូវឆ្ងាយគួរសមផងនោះ បានធ្វើឲ្យភ្លើងឆេះ កាន់តែខ្លាំងរហូតដល់ម៉ោងប្រមាណ ៣និង៣០នាទី ទើបអាចគ្រប់គ្រង ស្ថានការណ៍បាន។
សមត្ថកិច្ច បានបន្តទៀតថា នៅក្នុងគ្រោះអគ្គិភ័យនេះបានធ្វើឱ្យបុរសម្នាក់មាន ឈ្មោះ វ៉ាត ប៊ុនហ៊ាង អាយុ២៧ឆ្នាំ ខណៈកំពុងដេកលុងលក់ នៅក្នុងផ្ទះបានបន្សល់ទុក ប្រពន្ធមាន ឈ្មោះ ឆេង ហ្គិចគាង មានផ្ទៃពោះ និងកូន៣នាក់ នៅកំព្រា។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ អំពីទំហំនៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យខាងលើនេះនៅឡើយទេ។ មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័សនេះមកពីឆ្លងចរន្តខ្សែភ្លើង។
កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ អភិបាលខណ្ឌ សែនសុខ លោក លី សាវេតនិងមន្ត្រីពាក់ព័ន្ធ ជាច្រើនផ្សេងទៀត បានចុះទៅដល់កន្លែងកើតហេតុដើម្បីផ្តល់អំណោយ និងថវិកា មួយចំនួន ដល់សាច់ញាតិ ជនរងគ្រោះ ផ្ទះទាំងបីខ្នង ពិសេសដល់គ្រួសារបាត់បង់ជីវិត៕ ដោយ៖ ព្រហ្ម វិលៀម