ភ្នំពេញ ៖ កាលពីវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៣ នៅក្នុង ភោជនីយដ្ឋានបុបា្ជចំការមនដែលមាន ទីតាំង ឋិតនៅតាមបណ្ដោយផ្លូវលេខ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មេការដែលត្រូវជន ដៃដល់បាញ់ធ្លាយគូទខាងលើមានឈ្មោះម៉ាច ភេទប្រុស អាយុជិត៣០ឆ្នាំ ។ ចំណែក ជនដៃដល់ឈ្មោះ ស្រ៊ុង ណាំគា ភេទប្រុស អាយុ២៨ឆ្នាំ ជានគរបាលនាយកដ្ឋាន អន្ដរាគមន៍ក្រសួងមហាផ្ទៃមានឋានៈជាអនុសេនីយ៍ត្រី ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
មុនពេលកើតហេតុជនដៃដល់បាន បើករថយន្ដមួយគ្រឿងម៉ាកកាមរីហាយ ប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2X-1267មកឈប់មុខហាង ហើយចុះដើរចូល ទៅអង្គុយក្នុងក្យូសនៃភោជនីយដ្ឋានបុបា្ជ ចំការមនជាមួយនារីបម្រើការក្នុងហាងនិងបានហៅស្រាបៀរមកផឹករហូត ដល់ ស្រវឹងជោកជាំដល់ម៉ោងប្រមាណជាង ១២យប់មេការឈ្មោះ ម៉ាច បានមក ឈរជិតនិងនិយាយប្រាប់ឈ្មោះស្រ៊ុង ណាំគាជានគរបាលថា“បងប្រុសហាងរបស់ប្អូនដល់ម៉ោងបិទហើយ ដូច្នេះប្អូនសុំ គិតលុយបានទេ” ។ ភ្លាមៗនោះឈ្មោះ ស្រ៊ុង ណាំគា អាងខ្លួនមានកាំភ្លើងខ្លីនិង មានអំណាចនោះក៏បានស្រែកគំរាមរក បាញ់មេការរួមទាំងបោះពាក្យសម្ដីមិន សមរម្យថែមទៀត ។
ដោយសារ មេការនៅតែបន្ដសុំគិតលុយនោះធ្វើឱ្យ ឈ្មោះស្រ៊ុង ណាំគា ផ្ទុះហិង្សាកាន់តែខ្លាំង ទ្រាំលែងបានក៏ទាញកាំភ្លើងខ្លីពីចង្កេះបាញ់សំដៅទៅមេការចំនួនមួយ គ្រាប់បណ្ដាលឱ្យត្រូវចំត្រង់គូទខាងឆ្វេងសន្លប់ស្ដូកស្ដឹងក្នុង ថ្លុកឈាមរួចហើយនគរបាលរូបនោះបានប្រញាប់ប្រញាល់រត់ចេញពីក្នុងហាង បំណងគេចខ្លួនប៉ុន្ដែត្រូវក្រុមសន្ដិសុខនិងអង្គរក្សដែលយាមកាមនៅ ភោជនីយ បុបា្ជចំការមនទាញកាំភ្លើងខ្លីបាញ់តបតជាមួយជនដៃដល់ចំនួន៣គ្រាប់ ដើម្បី គំរាមឱ្យជនដៃដល់កុំឱ្យរត់គេចខ្លួននិង សម្លុតឱ្យជនដៃដល់ទម្លាក់កាំភ្លើងចុះ ។ ក្រោយពីពីមានការផ្ទុះអាវុធលាន់ដូចរន្ទះ មកកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនដែលកំពុងជិះម៉ូតូល្បាតក្នុង មូលដ្ឋានឮសស្នូរកាំភ្លើងក៏បានទៅធ្វើអន្ដរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមៗទើបដឹងថាមានជនដៃដល់ម្នាក់ជានគរបាលនាយកដ្ឋានអន្ដរាគមន៍ ក្រសួងមហាផ្ទៃបាញ់បោះសេរីនិងបង្កឱ្យមានរបួសស្នាមដោយ ចេតនាទៅលើបុរសជាមេការក្នុងហាង ដូច្នេះកម្លាំងកងរាជអាវុធហត្ថក៏សម្រេចចាប់ជនដៃដល់វាយខ្នោះញាត់ ចូលរថយន្ដកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2X-1267 របស់ជនបង្កយក ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមនដើម្បីធ្វើការសាកសួរទាក់ទិននឹងការផ្ទុះអាវុធខាងលើ ៕