បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ បាននាំគ្នាមកតវ៉ា នៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃើញជនដៃដល់ កំណាចមួយរូប ត្រូវតុលាការ ដោះលែងឲ្យមានសេរីភាព កាលពីល្ងាចថ្ងៃទី១៦ ខែមករា បន្ទាប់ពីជន កំណាចរូបនោះ បង្កការរាំងស្ទះ ដល់ការអភិវឌ្ឍន៍ ក្នុងភូមិ មិនឲ្យគ្រឿងចក្រឈូសឆាយផ្លូវ ហើយ វាយអ្នកបើកគ្រឿងចក្រធ្វើផ្លូវបណ្តាល ឲ្យរងរបួស ធ្លាក់ពីលើ គ្រឿងចក្រ ខណៈដែល ឈូសផ្លូវប៉ះត្រូវទុយោ ទឹករបស់ជនដៃដល់កាលពីល្ងាចថ្ងៃទី១២ មករា ។
ក្រោយពីបង្កហេតុ ជនកំណាចដៃដល់ ត្រូវប៉ូលិសឃាត់ខ្លួន បញ្ជូនទៅកាន់ តុលាការបាន មួយដង្ហើមចង្រិត ស្រាប់តែ ឃើញជនដៃ ត្រឡប់មកផ្ទះវិញ យ៉ាងរំភើយ ហើយវាយឬកខែងរ៉ែង ដាក់ប្រជាពលរដ្ឋ ថែមទៀត នៅគ្រាដែលជនរងគ្រោះ មិនទាន់ទទួលបាននូវសំណងផង ត្រូវតុលាការបានសម្រេចដោះលែងជនបង្ក ឲ្យមានសេរីភាព ធ្វើឲ្យប្រជាពលរដ្ឋ ភ័យញាក់សាច់ ពីព្រោះជនដៃដល់ម្នាក់នេះ ធ្លាប់ ប្រព្រិត្តករណីវ៉ៃតប់ បង្ករបួសស្នាមលើ ប្រជាពលរដ្ឋស្លូតត្រង់ ជាច្រើននាក់មកហើយ មានខ្លះរបួស ខ្លះសន្លប់ ខ្លះស្ទើរស្លាប់ គ្មានច្បាប់ណាហ៊ានប៉ះពាល់រូបគេឡើយ។
អំពើនិទណ្ឌភាព គ្មានទោសពៃនេះ ដែលជាហេតុ ជួយលើក ទឹកចិត្ត ឲ្យជននេះ រឹតតែបានចិត្ត ប្រព្រិត្តបទល្មើស យ៉ាងគឃ្លើន យកច្បាប់ មកជាន់ឈ្លីជាល្បែង កំសាន្ត ហើយករណីចុងក្រោយនេះ ជនបង្ក បានវាយ តែកុង គ្រឿងចក្រអភិវឌ្ឃន៍ ផ្លូវ របស់លោក គាត ហ៊ុល សង្កាត់ផ្សារ កណ្តាល បែកក្បាល ហូរឈាមស្រោចខ្លួន ព្រោះតែអភិវឌ្ឃន៍ផ្លូវជូន ប្រជាពលរដ្ឋ ប៉ះទុយោទឹករបស់ ជនដៃដល់ កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ នៅចំណុចសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ជនបង្កមានគ្នាពីរនាក់ ទី១មានឈ្មោះ ជួន សារី ហៅពៅ អាយុ ៣៩ឆ្នាំ ជាជាងភ្លើង និងតទឹក រកស៊ីក្នុងភូមិ ទី២ឈ្មោះ រួម សារិន អាយុ ២០ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ ទុំ ចាន់ថន អាយុ ៣៣ឆ្នាំ។ សូមជំរាបផងដែរថា នៅថ្ងៃទី១៧នេះ គឺជាការតវ៉ាលើកទី២ហើយ ដែលកាលពីថ្ងៃទី១៦ ប្រជាពលរដ្ឋ ក៏បានលើកគ្នា ទៅតវ៉ា នៅមុខអធិការក្រុងប៉ោយប៉ែត រហូតមានការសម្របសម្រួល ពីសមត្ថកិច្ចក្រុងប៉ោយប៉ែត សូមឲ្យបងប្អូនប្រជាពលរដ្ឋ បានត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ព្រោះសមត្ថកិច្ច ប៉ូលិសបានកសាង សំណុំរឿង បញ្ចូនទៅតុលាការហើយ បានន័យថាផុតដែនសមត្ថភាព របស់ប៉ូលិស។
ដោយមិនអស់ចិត្ត និងភ័យខ្លាចអំពីសុវត្តិភាពផ្ទាល់ខ្លួន ខ្លាចក្រែង ថ្ងៃក្រោយបន្តទៀតមិនដឹងថា អ្នកណាបន្ទាប់ ជាអ្នករងគ្រោះ ព្រោះជនកំណាចរូបនេះ តែងតែធ្វើបាប វាយដំ គេឯងពេញភូមិ ហើយច្បាប់ មិនហ៊ានចាត់ការដូច្នោះ លុះមកដល់ព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋ នាំគ្នាឡើងទៅតវ៉ាសាជាថ្មី នៅមុខ សាលា ដំបូងខេត្តបន្ទាយមានជ័យតែម្តង។
សូមរំលឹកថាជនរងគ្រោះ ជាអ្នកបើកបរគ្រឿងចក្រ ហើយក៏ជាប្រជាការពារ ភូមិផងដែរ។ មុនកើតហេតុជនរងគ្រោះ បានបើកគ្រឿងចក្រឈូសឆាយផ្លូវ ជួសជុលផ្លូវលំ ក្នុងភូមិផ្សារកណ្តាល ដើម្បីសម្រួលដល់ការធ្វើដំណើរក្នុងភូមិ-សង្កាត់ ទាំងមូល ក្រោយពីទឹកជំនន់ជន់លិច ធ្វើឲ្យខូច ខណៈកំពុងបំពេញការងារនោះ ស្រាប់តែគ្រឿងចក្របានឈូសបែកទុយោទឹក របស់ឈ្មោះ ជួន សារី ហៅ ពៅ ធ្វើឲ្យឈ្មោះនេះ មិនសប្បាយចិត្ត និងខឹងសម្បាយ៉ាងខ្លាំង។
ទោះបីជា ជនរងគ្រោះសុំទោស និងចេញលុយសងការខូចខាតទាំងស្រុងឲ្យក៏ដោយ ក៏ជនបង្ក មិនស្តាប់ដែរ ថែមទាំង ប្រើពាក្យសម្តីអសុរស បង្កឲ្យភាគីទាំងពីរ ប៉ះសម្តីគ្នាមួយប្រាវ រហូតដល់តឹងសរសៃក ក៏បង្កើតជាជម្លោះ ហើយជនបង្កបាន នាំគ្នាពីរនាក់ ឡើងទៅវាយ អ្នកបើកគ្រឿងចក្រ រហូតរបួសបែកមុខជាច្រើនថ្នេរហូរឈាមជោកខ្លួន ។
ជុំវិញបញ្ហាខាងលើនេះ លោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រាប់ អ្នកសារព័ត៌មានថា រឿងនេះគឺព្រះរាជអាជ្ញារង របស់លោកជាអ្នកចាត់ការ ព្រះរាជ្ញាឈ្មោះយ៉ិន សុគន្ធារី ហើយបានបើកការចោទ ប្រកាន់មនុស្ស២នាក់ ដោយសារមានការវាយតប់ទៅវិញ ទៅមក ហើយអ្នកបង្កបានទៅវាយគេដល់ផ្ទះ។
ចំណែកជនរងគ្រោះ ដែលយកមកប្តឹងដល់តុលាការ មានរបួសស្រាល ដូច្នេះការបើកការចោទប្រកាន់ដោយចៅក្រមសំអាងថា ជាការវាយទៅវិញទៅមក ម្យ៉ាងបានដាក់ប្រាក់តម្កល់៤លានរៀលផងតាមដែលលោកបានសួរនាំនោះ ទើបលោកចៅក្រមសម្រេចដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ មិនមានការឃុំឃាំងអីទេ ព្រោះលោកចៅក្រមយល់ថា ជាបទល្មើសតូចតាច។
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានសំដែង នៅក្តីខកចិត្តយ៉ាងខ្លាំង នៅគ្រាដែល មន្ត្រីតុលាការ ដោះលែងជនដៃដល់ ដោយបង្វែរឿងថា ជាបទល្មើសតូចតាច ធ្វើឲ្យពួកគាត់ បាក់ទឹកចិត្ត គ្មានជំនឿ លើប្រព័ន្ឋតុលាការ ទាល់តែសោះ ដោយម្នាក់ៗពោលពាក្យស្លោក ដែលគេពេញនិយមហៅថា (តុលាការ ជាទីគោរព បើលុយមិនគ្រប់ យើងកាត់ឲ្យចាញ់ តុលាការជាទីស្រលាញ់ យើងកាត់ឲ្យចាញ់ ពីព្រោះពួកឯងគ្មានលុយ)។ព័ត៌មានដូចបានជំរាបជូនខាងលើនេះ ល្មមដល់ពេលអង្គភាពប្រឆាំង អំពើពុករលួយ របស់ឯកឧត្តម ឱម យិនទៀង ជួយពិនិត្យមើល ទង្វើរបស់តុលាការ ខេត្តបន្ទាយមានជ័យផង ដើម្បីឲ្យ្រជាពលរដ្ឋស្ងប់ចិត្ត៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្រុងប៉ោយប៉ែត កើតទុកមិនសុខចិត្ត នាំគ្នាតវ៉ា នៅមុខតុលាការ ខេត្តបន្ទាយមានជ័យ