ស្វាយរៀង៖ សារព័ត៌មានអរិយធម៌បានទទួលសេចក្តីរាយការណ៍ព័ត៌មានពីក្រុម អ្នករកស៊ី ដឹកជញ្ជូនទំនិញ និងក្រុមអ្នករត់ការទំនិញថា មានផ្សែងស្អុយភាយចេញពីស្នាក់ការគយច្រកអន្តរជាតិបាវិត ពោលគឺមានមន្ត្រីគយបានប្រើជំនាញរបស់ខ្លួនតាមរយៈការត្រួតពិនិត្យទំនិញ ក៏ដូចជាឯកសារនាំចូល ដោយដាក់កំហិតឲ្យមានការបង់ប្រាក់សម្រាប់មន្ដ្រីគយ ដែលជាទង្វើផ្ទុយពីគោលការណ៍របស់ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
ប្រភពបានទម្លាយឲ្យអរិយធម៌ដឹងទៀតថា សកម្មភាពខាងលើនេះត្រូវបានលោក យន់ សំអន ដែលជាប្រធានស្នាក់ការគយច្រកអន្ដរជាតិបាវិត បានគាំទ្រឲ្យមានរូបភាពមិនប្រក្រតីកើតឡើង តាមរយៈការបង្ខំឲ្យក្រុមអ្នករត់ការទំនិញបង់ប្រាក់ក្រៅច្បាប់សម្រាប់ ថ្លៃសេវាពិនិត្យឯកសារដែលត្រូវឆ្លងកាត់ដោយមិនអាចគេចវេះបានឡើយ។
ប៉ុន្ដែមន្ដ្រីគយខ្លះបានលើកឡើងថា ចំពោះប្រភពចំណូលដែលបាន មកពីការកោសរូសពីក្រុមអ្នករត់ការទំនិញលោក យន់ សំអន ពិតជាមានចំណូលខ្ពស់តាមរយៈការពិនិត្យឯកសាររាល់ទំនិញហូរចូលបង់ពន្ធ ក៏ដូចជាទំនិញវិនិយោគដែលពន្ធអាករជាបន្ទុករបស់រដ្ឋនោះ។
រាល់ឯកសារនៃទំនិញវិនិយោគភាគច្រើន ដែលបាននាំទំនិញមកពីទីក្រុងហូជីមិញ ចំពោះការពិនិត្យឯកសារ គ្រាន់តែជំនាញគយក៏ត្រូវចំណាយយ៉ាងតិចពី១០០ទៅ១១៥ដុល្លារ ហើយការបង់ប្រាក់សម្រាប់មន្ដ្រីគយក្រៅផ្លូវការក្នុងម្នាក់ៗចាប់ពី ១០ដុល្លាររហូតដល់៦០ដុល្លារ ក្នុងមួយឯកសារផងដែរ។ ប្រភពដដែលបានឲ្យបណ្តាញសារព័ត៌មានអរិយធម៌ដឹងទៀតថា ចំពោះការបង់ប្រាក់ដែល មានចំនួនពី១០០ទៅ១១៥ដុល្លារ ក្នុងមួយឯកសារហើយប្រាក់ទាំងនេះមិនមែនជាគោលការណ៍របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប៉ុន្ដែជាគោលការណ៍ដែលមន្ដ្រីគយ និងសមត្ថកិច្ចពុករលួយបានតម្រូវ ឲ្យមានការបង់ប្រាក់បែបនេះដើម្បីយកមកធ្វើប្រយោជន៍បុគ្គលផ្ទាល់ខ្លួន តែប៉ុណ្ណោះ ពិសេសបានទៅលើលោក យន់ សំអន នោះតែម្តង។
អ្នករត់ការទំនិញបានលើកឡើងថា ឯកសារដែលត្រូវឆ្លងកាត់ស្នាក់ការគយមិនអាចជៀសផុតពីការចាប់កំហុស ដោយមានការតម្រូវ ឲ្យបង់ប្រាក់បន្ថែមចាប់ពី ២០ទៅ៣០ដុល្លារ ឬពី១០ម៉ឺន ទៅ២០ម៉ឺនរៀល។ ជាទូទៅមន្ដ្រីគយច្រើនតែបង្ខំឱ្យឈ្មួញបង់ប្រាក់តាមរបៀបពុករលួយ យ៉ាងច្រើន បើប្រៀបធៀបទៅនឹងសមត្ថកិច្ចដទៃទៀតដែលមានវត្តមាននៅច្រកបាវិត ព្រោះគ្រប់ឯកសារនាំចូលទំនិញវិនិយោគ ក៏ដូចជាទំនិញនាំចូលបង់ពន្ធ ត្រូវជួបផលលំបាកនិងមានការយឺតយ៉ាវ ប្រសិនបើមិនបង់ប្រាក់តាមការតម្រូវរបស់មន្ត្រីគយទេនោះ។
លោក យន់ សំអន ទំនងជាបានទទួលរាល់សំណូកពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ដ៏ ច្រើនក្រាស់ក្រែល ដែលទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះសមត្ថកិច្ចមួយចំនួនដែល កំពុងតែពាក់ព័ន្ធ ចំពោះការឃុបឃិតឲ្យមានការនាំចូលទំនិញដែលជាផលិតផលសម្រេច រួចហើយគេបង្វែរឯកសារទាំងនោះ ទៅជាទំនិញវិនិយោគគឺត្រង់ចំណុចនេះ មិនត្រឹមតែមិនបានបង់ពន្ធជូនរដ្ឋប៉ុណ្ណោះទេ គេថែមទាំងឃុបឃិតគ្នាឲ្យទំនិញទាំងនេះហូរចូលពីប្រទេសជិតខាងដោយ ជ្រកក្រោមគោលការណ៍ទំនិញវិនិយោគដើម្បីស្នើសុំសេអូពី ក្រសួងពាណិជ្ជកម្មសម្រាប់នាំ ចេញទៅសហភាពអឺរ៉ុបនិងអាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ។
ប្រភពដដែលបានទម្លាយឲ្យអរិយធម៌ដឹងទៀតថា ចំពោះលោក យន់ សំអន ប្រធានស្នាក់ការគយច្រកអន្ដរជាតិបាវិត សម្រាប់ខ្លួនគាត់ពេលដែលត្រួតពិនិត្យឯកសារក៏តម្រូវឲ្យបង់មួយឯកសារ ចំនួន១០ដុល្លារ សម្រាប់តែទំនិញវិនិយោគហើយករណីទំនិញនាំចូលបង់ពន្ធគឺលោក យន់ សំអន តម្រូវឲ្យបង់ប្រាក់ច្រើនជាងនេះយ៉ាងហោច ណាស់ក៏ ២០ទៅ៤០ភាគរយដែរ សម្រាប់ថ្លៃប៊ិចស៊ីញ៉េ១ឯកសារ។ គេទទួលស្គាល់ថា ច្រកអន្ដរជាតិបាវិតខេត្ដស្វាយរៀងនេះ ទំនិញភាគច្រើនជាផលិតផលរបស់ប្រទេសវៀតណាម និងប្រទេសចិន ហើយការនាំចូលទំនិញមិនប្រក្រតី បង់ពន្ធមិនគ្រប់ ក៏មានចំនួនច្រើនលើសលុបធ្វើឲ្យខាតបង់ចំណូលថវិកាជាតិច្រើនសន្ធឹក សន្ធាប់ តាមរយៈសកម្មភាពរបស់លោកយន់ សំអន និងមន្ត្រីជំនិតរបស់គាត់បីបួននាក់។
តាមរយៈសេចក្តីរាយការណ៍ខាងលើនេះ អរិយធម៌បានព្យាយាមទំនាក់ទំនងទៅលោក យន់ សំអន ប្រធានស្នាក់ ការគយច្រកទ្វារអន្តរជាតិបាវិតនេះដែរ តែមិនអាចទាក់ទងបានដោយទូរស័ព្ទហៅចូលហើយតែគ្មានអ្នកលើក។ ប៉ុន្តែទោះជាយ៉ាងណាក៏អរិយធម៌នឹងរង់ចាំទទួលការឆ្លើយបំភ្លឺណាមួយពី លោក យន់ សំអន ពីសេចក្តីរាយការណ៍ដែល អរិយធម៌ទទួលបានខាងលើនេះ៕ ដោយៈ សេនាបាវិត