ប៉ោយប៉ែត៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ចោទពីបទចរាចរណ៍ ប្រាក់ដុល្លាក្លែងក្លាយ ។
លោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា យោងតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ ត្រីខេង ស៊ុម ស្នងការខេត្ត បន្ទាយមានជ័យ បានដាក់បទ បញ្ជាយ៉ាង ម៉ឹងម៉ាត់ ដល់សមត្ថកិច្ច ក្រោមឱវាទ ដែលឈរជើង នៅតំបន់របស់ខ្លួន ឲ្យជួយខិតខំ ប្រឹងប្រែង ជួយយកចិត្ត ទុកដាក់ ទប់ស្កាត់នូវរាល់ បទល្មើសដែលកើតមាន ។
លោកអធិការបន្តថា បន្ទាប់មក ទើបសមត្ថកិច្ច ជំនាញរបស់ លោកស្រាវជ្រាវ រកមុខសញ្ញា ក្រុមជនខិលខូចលួច ចរាចរលុយ ដុល្លាក្លែងក្លាយ និងឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យ បានចំនួន ២នាក់តែម្តង ខណះពេលដែល ពួកគេកំពុង ធ្វើសកម្មភាព ចរាចរលុយ ដុល្លាក្លែងក្លាយ នៅចំណុចភូមិ សាស្ត្រខាងលើ ។
បន្ទាប់មក សមត្ថកិច្ចបាន ដកហូតបានវត្ថុតាង មានលុយដុល្លាក្លែងក្លាយ សរុបចំនួន២០៣០០ដុល្លា ក្រដាស់ប្រាក់១ដុល្លា ចំនួន៦៦៤សន្លឹក នៅសល់ប៉ុន្មានជាក្រដាស់ប្រាក់១០០ដុល្លាក្លែងក្លាយ តែម្តង ។លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យ ទាំង២នាក់ដែលឃាត់ខ្លួន ១ឈ្មោះតាំង ធារិទ្ឋ ភេទប្រុសអាយុ៣៨ឆ្នាំ និងទី២ឈ្មោះងួន ងៅ ភេទប្រុសអាយុ៥៣ឆ្នាំ ទាំង២នាក់រស់នៅភូមិភ្នំលាប ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីសមត្ថកិច្ចជំនាញបានសួនាំ ពួកគេបានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តល្មើស ច្បាប់ពិតមែន ដោយក្រដាស់ប្រាក់ ដុល្លាក្លែងក្លាយទាំងអស់នេះ គឺពួកគេបានទិញបន្តពីជនទី១ម្នាក់ទៀត នៅក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា ថៃ នេះតែម្តង ដោយក្នុងក្រដាស់ប្រាក់១០០ដុល្លាក្លែងក្លាយ គឺគេយកតែចំនួន៣០ដុល្លាលុយសុទ្ឋតែប៉ុណ្ណោះ ។
តែទោះជាបែបណាក្តីក៏ក្រុមជនសង្ស័យ ទាំងទាំង២នាក់ មិនបានប្រាប់ពីឈ្មោះពិតប្រាកដ មេឈ្មួញខិលខូច ជាជនទី១ នោះឡើយ ។ លោកអធិការបានបញ្ជាក់ថា យោងតាមចម្លើយសារភាព ពីក្រុមជនសង្ស័យ ទាំង២នាក់រួមទាំង វត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី តែម្តង ៕ដោយ ខៀវ បូរី