ភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី១៥ខែមករា ក្រុមចោរដែលជាក្មេងស្ទាវចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបពី ជនបរទេសដែលកំពុងតែដើរក្បែរសារមន្ទីរជាតិ តែសំណាងអាក្រក់ពេលឆក់បានហើយជិះម៉ូតូរត់បានបន្តិចក៏ដួល ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច។
គេបានឃើញជនបរទេសចំនួន២នាក់កំពុងដើរក្បែរសារមន្ទីរជាតិ ពេលមកដល់ចំណុចផ្លូវកែង ១៧៨ និង១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក៏មានក្មេងស្ទាវចំនួន២នាក់ជិះម៉ូតូមកដល់ និងធ្វើសកម្មភាពឆក់កាបូបពីជនបរទេស និងជិះរត់គេច។ ពេលនោះក៏មានប្រជាពលរដ្ឋជិះម៉ូតូដេញតាម រហូតដល់ចំណុចផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់អូរឬស្សី២ ក្មេងស្ទាវទាំង២នាក់នោះក៏ដួលម៉ូតូ ហើយក៏ត្រូវចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់រួច។
ក្មេងស្ទាវម្នាក់ដែលចាប់ខ្លួនបាននោះ ត្រូវគេឲ្យដឹងថា មានឈ្មោះ មាស សំណាង អាយុ១៦ឆ្នាំ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ៕