បាត់ដំបង៖ បន្ទាប់ពីសារព័ត៌មាន អរិយធម៌ចុះផ្សាយកាលពីថ្ងៃទី១៦ ខែ ឆ្នូ ឆ្នាំ២០១៣ ពាក់ព័ន្ធនិងករណី ចរាចរណ៍ទំនិញរត់ព័ន្ឋ និងការបើកភ្លើងខៀវ ឲ្យពលករលួចឆ្លងដែនខុសច្បាប់ ។ នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំពី២០១៤ លោកវរសេនីយ៍ឯក ជេត វណ្ណី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ខេត្តបាត់ដំបង បានដឹកនាំ កម្លាំង មន្ត្រីនគរបាល ជាច្រើនរូប ចុះទៅពិនិត្យសភាពការណ៍ដោយផ្ទាល់តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ដែល គ្រប់គ្រងដោយ នគរបាលការពារ ព្រំដែនលេខ៨១៧ ។
សកម្មភាព ចុះត្រួតពិនិត្យ ស្ថានភាពតាម បន្ទាត់ព្រំដែននេះ គឺយោងតាមបទបញ្ចា របស់ លោក ឧត្តមសេនីយ៍ ស ថេត ស្នងនគរបាល ខេត្តបាត់ដំបង។ រយៈពេល ពេញមួយថ្ងៃ បន្ទាប់ពីលោកវរសេនីយ៍ឯក ជេត វណ្ណី ស្នងការរង ធ្វើការត្រួតកងកម្លាំង គ្រប់ច្រកល្ហក ដែលមានសមត្ថកិច្ច ប៉ូលិសវរសេនាតូចការពារព្រំដែនគោក លេខ៨១៧ ឈរជើងនៅតាមគោលដៅ ជាច្រើន ក្នុងភូមិសាស្ត្រ ស្រុក សំពៅលូន និងស្រុកភ្នំព្រឹក ព្រំដែន កម្ពុជា ថៃ ឈម និងស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ។
ជាលទ្ឋផល ឃើញថា មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំង នគរបាលទាំងអស់ ប្រុងជើងការ ជាលក្ខណះ ទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីការពារជាតិ និងមាតុភូមិ លើស ពីនេះទៅទៀតនោះ ច្រករបៀង ទាំងអស់ ត្រូវបានបិទទាំងស្រុង គឺគ្មានការចរាចរណ៍ ឈើគ្រញូងឬទំនិញគេចពន្ឋ និងពលករលួចឆ្លងដែន ឡើយ ដោយកម្លាំងសមត្ថកិច្ចទាំងអស់ ធ្វើការទប់ស្កាត់ រាល់បទល្មើសផ្សេងៗ មិនឲ្យមានការ កើតឡើងជាដាច់ខាត ស្របតាមយុទ្ឋសាស្ត្រ របស់ ប្រមុខរដ្ឋាភិបាល ។
លោក វរសេនីយ៍ ស្រី សុខុន មេបញ្ជាការនគរបាល វរសេនាតូច ការពារព្រំដែនគោក លេខ៨១៧បានបំភ្លឺឲ្យក្រុមអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤នេះថា នៅក្នុងភូមិសាស្ត្រ ដែលគ្រប់គ្រង ដោយកម្លាំងរបស់ លោកមានផ្ទៃដី ប្រមាណ ជាង២០គីឡូម៉ែត្រ សហការជាមួយ កម្លាំង យោធា សឹករងស្រុកសំពៅលូន និងយោធាស៊ុបខេត្តបាត់ដំបង គឺគ្មានការចរាចរណ៍ ទំនិញគេចពន្ឋ ឬឈើគ្រញូងអ្វី អ្វីឡើយ ពីព្រោះច្រករបៀងទាំងអស់ ត្រូវបានបិទទាំងស្រុង អស់ហើយ។
លោក ស្រី សុខុន បន្តទៀតថា នៅក្នុងតំបន់ខាងលើនេះ មានច្រកតំបន់មួយ (ច្រកភ្នំដី)ដែលជា ច្រកស្របច្បាប់ រាល់ទំនិញឆ្លងដែន ចេញចូលទាំង អស់ត្រូវឆ្លងកាត់ តាមច្រកតំបន់ខាងលើនេះ ក្រុមអ្នករកស៊ី បានធ្វើការបង់ពន្ឋជូនរដ្ឋ ១០០%រយ។ដោយឡែក ក្រុមពលករ ខ្មែរ ចំណាកស្រុកខុសច្បាប់ ចូលប្រទេសថៃ ក៏ត្រូវបាន ទប់ស្កាត់ដែរ មិនអនុញ្ញាតឲ្យ លួចឆ្លងដែនដាច់ខាត។
លោកមេបញ្ជាការ បន្តទៀតថា ចំពោះពលករ ខ្មែរដែលជាកម្មករ ដកដំឡូង កាប់អំពៅតិចតូច តាមក្រវ៉ាត់ព្រំដែន ចូលព្រឹកចេញវិញល្ងាច គឺមានឆ្លងដែនខ្លះៗដែរ ដោយសមត្ថកិច្ច កម្ពុជា ថៃ បានសហការ គ្នាគ្នា អនុគ្រោះឲ្យប្រជាពលរដ្ឋ ដែលរស់តាមព្រំដែន នៃប្រទេសទាំងពីរ បានចេញចូលព្រឹកវិលល្ងាចគ្រាន់រកប្រាក់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ ។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ជេត វណ្ណី បានធ្វើការផ្តាំផ្ញើ ដល់កងកម្លាំង នគរបាលទាំងអស់ដែល ប្រចាំការ នៅបន្ទាត់ព្រំដែន ត្រូវយកចិត្តការពារជាតិមាតុភូមិនិងបូរណៈភាពទឹកដី ព្រមទាំងថែរក្សា នូវសុខភាពឲ្យបានល្អ ព្រោះកងកម្លាំងជារបាំងការពារទឹកដីយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។ លោក ស្រីសុខុន ក៏បានប្តេជ្ញាចិត្ត និងខិតខំការពារព្រំដែន ឲ្យកាន់តែល្អប្រសើ និងទប់ស្កាត់ រាល់បទល្មើសទាំងអស់ មិនឲ្យកើតមាន ជាដាច់ខាត ស្រមតាមគោលនយោបាយ កែទម្រង់ស៊ីជំរៅថ្មី របស់ប្រមុខរាជរដ្ឋាភិបាល នៃនីតិកាលទី៥នេះ ៕ ដោយ ខៀវ បូរី