ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ក្រុមជនខិលខូច ៣នាក់ ត្រូវបានតុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ករណីកាប់ឆ្ការដីព្រៃក្នុងឧទ្យានជាតិព្រះសីហនុរាម នៅព្រះសីហនុ

ក្រុមជនខិលខូច ៣នាក់ ត្រូវបានតុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ករណីកាប់ឆ្ការដីព្រៃក្នុងឧទ្យានជាតិព្រះសីហនុរាម នៅព្រះសីហនុ

(ព្រះសីហនុ)៖  កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមជនខិលខូចចំនួន៣នាក់ ត្រូវបានតុលាការខេត្តព្រះសីហនុធ្វើការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន  ពីបទរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋនៅក្នុងឧទ្យានជាតិព្រះសីហនុរាមដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជា មន្ត្រីនាំពាក្យក្រសួង បរិស្ថាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះដោយលោកបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមជនល្មើស បាននិងកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះសីហនុ រង់ចាំបន្តដំណើរការនីតិវិធីច្បាប់នៅចំពោះមុខតុលាការ។

ជនសង្ស័យទាំងបីរូបត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន តាំងពីថ្ងៃទី៦ ខែមិថុនា និងបានធ្វើការ សាកសួរជុំវិញការប្រព្រឹត្តបទល្មើសនេះ ដោយក្រុមជនល្មើសបានសារភាពថា ខ្លួនពិត ជាបានកាប់ឆ្ការដីព្រៃក្នុងឧទ្យានជាតិព្រះសីហនុរាមមែន។

ជនសង្ស័យទាំងបីរូបដែលត្រូវបានចាប់ខ្លួននិងធ្វើការចោទប្រកាន់មានឈ្មោះ ទី១) ឈ្មោះ វ៉ាន់ ស៊ីណែត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២)ឈ្មោះ រឿន ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣) ឈ្មោះ ហៀង ផាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង ៣ នាក់ បានឆ្លើយសារភាពថា ពួកគេបានស៊ីឈ្នួលចាំដីឱ្យឈ្មោះ ម៉េង រស់នៅរាជធានីភ្នំពេញ ដែលមានផ្ទៃដីទំហំ ២១ ហិកតា ហើយដីនេះបានកាប់ឆ្ការ ព្រៃអស់ខ្លះហើយ នៅសល់ប្រហែល ៤ហិកតា ពួកខ្លួនក៏បាននាំគ្នាកាប់ និងជួលគេកាប់ ថែមទៀត រួចសង់ខ្ទមចាំដីចំនួន ០២ ខ្នង នៅលើទីតាំងដីនោះផងដែរ។

ចំណាត់ការជាបន្ទាប់ប្រឆាំងនឹងក្រុមជនល្មើស ក៏ដូចជាមេក្លោងប្រព្រឹត្តបទ ល្មើសរុន រានទន្ទ្រានកាន់កាប់ដីធ្លីនេះ ត្រូវបានធ្វើឡើងក្រោយពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថាតំបន់ការពារធម្មជាតិមួយចំនួនប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រាន កាន់កាប់ដីធ្លីដោយខុសច្បាប់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់តឹង រឹងនិងចុះធ្វើការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយសារតែទីផ្សារដីឡើងថ្លៃ។

ក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រនិងល្បិចកលជារូបភាពផ្សេងៗគ្នាដើម្បីរុករាន ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បី អះអាងថា ខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។ លោកបានបន្តថា ក្រុម ជនខិលខូចបានប្រើប្រាស់និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនឱ្យចូលរុករាន កាប់ឆ្ការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងលក់ក្នុងតម្លៃថោកៗឱ្យខ្លួន ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួនដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេងដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយ និងដំណាំ ហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀតបានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។

បើតាមការបញ្ជាក់របស់មន្ត្រីក្រសួងបរិស្ថាន នេះគឺជាទង្វើខុសច្បាប់ហើយកម្លាំង សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណ ក្រុមជនល្មើស និងចងក្រង សំណុំរឿងទៅតុលាការ ដែលនេះគឺជាការពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទ ល្មើសធនធានធម្មជាតិ។

នៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១២២០ នាក់ដែល មានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារ ធម្មជាតិនៅលើផ្ទៃដី អភិរក្សសរុបប្រមាណ ៧,៥ លានហិកតានឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការនិងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី។

ក្រសួងបរិស្ថានបដិសេធនូវរាល់ឯកសារ ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីដោយខុស ច្បាប់គ្រប់ប្រភេទ ដូចជាការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរនិងទិញលក់ដីដោយខុស ច្បាប់នៅក្នុងឧទ្យានជាតិ ដែនជម្រកសត្វ ឬតំបន់ការពារនានា ហើយអ្នកដែលកំពុងកាន់កាប់ដីដោយខុសច្បាប់ត្រូវបញ្ឈប់សកម្មទាំងអស់ រួមមានការឈូសឆាយ និងការសាងសង់ សំណង់នានាជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya