ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌដូនពេញ បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព យកដុំឥដ្ឋគប់ទៅលើកញ្ចក់រថយន្ត បណ្តាលឲ្យបែក នៅចំណុចមុខផ្ទះលេខ៣ ផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនសង្ស័យមានឈ្មោះឈួរ លីគួង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅផ្ទះ៨៦ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះជឹម វាសនា ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣ ផ្លូវព្រះនរោត្តមភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះបានចតរថយន្ត ម៉ាកហ្វ័ររីនឺ ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ៣ ផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកBeat ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1GU 4852 មកឈប់ក្បែររថយន្ត ហើយយកដុំឥដ្ឋគប់ ទៅលើរថយន្តបណ្តាល អោយបែកកញ្ចក់ខាងក្រោយ រួចរត់គេចខ្លួនចោលម៉ូតូ .ស្បែកជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចំលងមួយ ។ ពេលនោះម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក៏បានសហការជាមួយកំលាំង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ។ ជនសង្ស័យ ត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ត ៕