ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវសុំឲ្យអាជ្ញាធរ និង គ្រប់អង្គភាពស្ថាប័នរដ្ឋ សហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវសុំឲ្យអាជ្ញាធរ និង គ្រប់អង្គភាពស្ថាប័នរដ្ឋ សហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ

សៀមរាប៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ សហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ឲ្យបានទាន់ពេលវេលា ដោយផ្អែកសំខាន់ទៅលើភស្ដុតាង និង តួលេខជាក់លាក់ កុំភូតកុហក ថ្វីត្បិតតែ ជាការងារស្មុគស្មាញ ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើមិន ដូច្នោះទេ គេនឹងស្មាន ហើយការស្មាននេះ នឹងធ្វើឲ្យព័ត៌មានហ្នឹងអាចនឹងខុស ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ទៀតថា សតវត្ស​ទី២១​នេះ ជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាពដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វែសប៊ុក ធ្វីធ័រ និង យូធូប ។ល។ ដូច្នេះអ្នកមើល និង អ្នកអាន គាត់មានជម្រើសច្រើន អាចបែកចែកខុសនិងត្រូវបាន សម្រាប់​ការតាមដាននូវរាល់ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗទាំងនៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើពិភពលោក ខណៈពេលបច្ចប្បន្ននេះ ការផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម​ហ្វែសប៊ុក មានភាពទូលំទូលាយជាងគេ ហើយអ្នកសារព័ត៌មាន គាត់មានតែទូរស័ព្ទស្មាតហ្វូនមួយ គាត់អាចធ្វើការផ្សាយបានភ្លាមៗ អំពីព្រឹត្តិការណ៍នោះ ហេតុនេះ នៅក្នុងសង្គមប្រជាធិប​តេយ្យ ការឆក់យកបេះដូង និង ខួរក្បាល របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ ជាពិសេសត្រូវអត់ធ្មត់ឲ្យបានខ្លាំងបំផុត ដើម្បីពន្យល់គេ និង ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមទៀតថា ស្ថាប័នរបស់រដ្ឋ និងអ្នកសារព័ត៌មាន ត្រូវមានទំនាក់ទំនងជាមួយគ្នាឲ្យបានល្អ ព្រោះថា នៅពេលមានព័ត៌មានបន្លំ ឬព័ត៌មានក្លែង​ក្លាយ ត្រូវតែឆ្លើយតបឲ្យបានលឿនមែនទែន កុំយកកំហឹងទល់កំហល់ សំខាន់ត្រូវរកអ្នកដែលចេះនិយាយជាមួយអ្នកសារព័ត៌មាន ហើយត្រូវអត់ធ្មត់ពន្យល់គេ ខណៈដែលមានអង្គភាព ឬអ្នកសារព័ត៌មានមួយចំនួន ផ្សាយខុសពីការពិត ឬនិយាយអាក្រក់ពីយើង យើងត្រូវតែឆ្ល់យបំភ្លឺភ្លាមៗ ដល់ពេលយូរទៅ អ្នកដែលកុហក និង បំប៉ោងរឿង គាត់នឹងរអាខ្លួនឯងហើយ ពីព្រោះ​គេឃើញឈ្មោះហ្នឹងឬ អង្គភាពសារព័ត៌មានហ្នឹង ផ្សាយខុសចំនួនពីរទៅបីដងហើយ ដូច្នេះការចងសត្រូវរវាងស្ថាប័នរបស់រដ្ឋ និងអ្នកសារព័ត៌មាន មិនជាការល្អទេ ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋយ៉ាងដូច្នេះ បន្ទាប់ពីមានសំណូមពររបស់អ្នកសារព័ត៌មាន ជូនដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដមអភិបាលខេត្តសៀមរាប តាមរយៈវីដេអូឯកសារ ដែលមន្ទីរព័ត៌មានខេត្តសៀមរាប បានដកស្រង់មតិ យោបល់ និង សំណូមពររបស់អ្នកសារព័ត៌មានក្នុងខេត្ត ក្នុងកិច្ចប្រជុំមួយរវាងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ខេត្តសៀមរាប ជាមួយអ្នកសារព័ត៌មានក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ។

តាមខ្លឹមសារវីដេអូឯកសារនោះ អ្នកសារព័ត៌មានជាច្រើននាក់ បានសំណូមពរដូចៗគ្នា ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋក្នុងខេត្ត សូមជួយផ្ដល់ព័ត៌មានពិតដល់អ្នកសារព័ត៌មានឲ្យបានទាន់ពេលវេលា ចៀសវាងចេញផ្សាយព័ត៌មានដែលមានតែម្ខាង និង ដែលមិនមានតុល្យភាព ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមានចំណេះចំនួន៣ គឺចំណេះដឹង ចំណេះធ្វើ និង ចំណេះគិត ហើយការស្វែងរកប្រភពឆ្លើយបំភ្លឺពីអភិបាលខេត្ត ឬថ្នាក់ដឹកនាំកំពូលនៃអង្គភាព ក៏មិនជាការល្អដែរ ព្រោះគាត់កិច្ចការងារសំខាន់ៗ និង ចាំបាច់ជាច្រើនដែលត្រូវបំពេញ ដូច្នេះគួរតែស្វែងរកប្រភពពីថ្នាក់ក្រោមបន្ទាប់ ហើយត្រូវធ្វើការកែតម្រូវ ក្នុងករណីសរសេរខុសហើយគេសុំឲ្យមានការកែតម្រូវ ហើយត្រូវមានកម្រិតវប្បធម៌ខ្លះ ព្រោះសព្វថ្ងៃនេះ មានចាងហ្វាង និង អ្នកកាសែតខ្លះ សរសេរអក្សរខ្មែរអត់ត្រូវនោះទេ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា នៅកម្ពុជាមានប្រជាពលរដ្ឋចំនួនប្រមាណ១៥លាននាក់ តែកាសែតមានចំនួនជិត៧០០ ហើយមានកាសែតខ្លះមិនដែលឃើញមុខសោះ និង ចេញផ្សាយតែម្ដងៗនៅពេលជិតបោះឆ្នោត រួចដើរសុំលុយគណបក្ស ដូច្នេះបានធ្វើឲ្យប៉ះពាល់ដល់អ្នកកាសែតត្រឹមត្រូវរបស់យើង ហេតុនេះ យើងនឹងកែសម្រួលបញ្ហាទាំងអស់នេះ ធ្វើយ៉ាងណាឲ្យមានតុល្យភាពនឹងគ្នា និង មានភាពសុខដុមជាមួយគ្នា ។

គួររំលឹងថា ក្នុងឱកាសបើកសិក្ខាសាលានេះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ គួរគប្បីប្រកាន់ខ្លួនដើរតួនាទីជាកញ្ចក់ ឆ្លុះបញ្ចាំងពីការពិតរបស់សង្គម និងរឿងរ៉ាវផ្សេងៗ , បន្តធ្វើជាស្ពានពីរដ្ឋទៅប្រជាជន ពីប្រជាជនទៅរដ្ឋ នូវកម្មវិធីនយោបាយ និងឱ្យរដ្ឋ បានដឹងពីកង្វល់របស់ប្រជាពលរដ្ឋនៅ មូលដ្ឋានមករដ្ឋវិញ លើកលែងតែបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ , ជួយរិះគន់ស្ថាបនា លើគោលនយោបាយ និងការអនុវត្តទាំងស្ថាប័នរដ្ឋ , ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយ បំផ្លើស ញុះញង់ , ចង់ឲ្យសារព័ត៌មានចូលរួមវិភាគទានក្នុងការវិភាគទាំងកម្រិតជាតិ និងអន្តរជាតិ និងស្នើឱ្យគ្រប់សកលវិទ្យាល័យនានារបស់កម្ពុជា ធ្វើជាធនាគារខួរក្បាល លើបញ្ហានេះ និង ត្រូវខិតខំបង្កើនសម្ថភាពភាពវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសត្រូវចូលរួម ប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ តាមរយៈវិធីបញ្ចេញនូវព័ត៌មានពិត ព្រមទាំងត្រូវធ្វើទំនើបកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងសម្ថភាព និងធនធានមនុស្ស ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន , ប្រធានមន្ទីរព័ត៌មានរាជធានីខេត្តទាំង២៥ , ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត , អភិបាលស្រុក ក្រុងក្នុងទូទាំងខេត្ត , នាយក និង អ្នកយកព័ត៌មាន នៃអង្គភាពកាសែត ទស្សនាវដ្ដី គេហទំព័រ ស្ថានីយវិទ្យុឯកជនផ្សាយផ្ទាល់ និង ស្ថានីយទូរទស្សន៍ខ្សែកាបក្នុងខេត្ត សរុបចំនួន ១៧២ នាក់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya