ភ្នំពេញ៖ តំណាងអ្នកភូមិបឹងកក់ បានដឹកនាំសមាជិករបស់ខ្លួន ប្រមាណជា ១០០នាក់ យកញត្តិដាក់តាមបណ្តា ស្ថានទូតនានាប្រចាំនៅកម្ពុជា ដូចជាស្ថានទូតអាមេរិក បារាំង និងអាឡឺម៉ង់ប្រកាសឈប់ទទួលស្គាល់ អ្នកស្រី ទេព វណ្ណនី ជាតំណាងរបស់ខ្លួន ដោយពួកគេនិយាយថាអ្នកស្រី ទេព វណ្ណនី បានយកអ្នកភូមិបឹងកក់ធ្វើជាឈ្នាន់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ការដង្ហែក្បួនយកញត្តិដាក់ជូនបណ្តាស្ថានទូតនាព្រឹកថ្ងៃសុក្រ ទី០៥ខែកក្កដា ឆ្នាំ២០១៣ នោះ ដឹកនាំដោយសកម្មជនដែលធ្លាប់ចូលរួមតវ៉ាយ៉ាងសកម្មរឿងទំនាស់ដីធ្លីក្នុងតំបន់បឹងកក់កាលពីកន្លងទៅគឺអ្នកស្រី ថុល ស្រីពៅ អ្នក ស្រី ហេង មុំ និងលោក ឌួង សុគា និងសកម្មជនជាច្រើនរូបទៀត និងមានការរួមពីប្រជាពលរដ្ឋប្រមាណជា២០០គ្រួសារ។
អ្នកស្រី ហេង មុំ តំណាងសកម្មជនទាំងនេះ បានបញ្ជាក់ផងដែរថា សកម្មភាពនេះ មិនមែនជារឿងនយោបាយអ្វីនោះឡើយ តែវាជារឿងពិត រឿងពិតនោះគឺអ្នកស្រី ទេពវណ្ណនីបាននិងកំពុងព្យាយាមយកអ្នកភូមិបឹង កក់ទៅបម្រើបក្ខពួកនិងប្រយោជន៍ផ្ទាល់ខ្លួន។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ហេង មុំ ក៏បានប្រកាសថ្លែងអំណរគុណផងដែរដល់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលបានប្រកាសជំហរដោះស្រាយបញ្ហានិងប្រគល់ដីអភិវឌ្ឍន៍នៅនឹងកន្លែងជូនពួកគាត់។ បន្ទាប់ពីការឈរចាំអស់រយៈពេលជាងមួយម៉ោង នៅមុខស្ថានទូតអាមេរិក នៅម៉ោងជិត៩ព្រឹកថ្ងៃទី០៥ ខែកក្កដា សន្តិសុខស្ថានទូតអាមេរិកបានអនុញ្ញាតឲ្យស្ត្រីជាតំណាង២នាក់ យកញត្តិដាក់ចូលស្ថានទូតអាមេរិករួចហើយ។ក្រុមអ្នកភូមិបឹងកក់ ក៏ទទូចឲ្យមន្ត្រីស្ថានទូតអាមេរិកជួយឆ្លើយតបទៅនឹងញត្តិរបស់ពួកគេឲ្យបានឆាប់ផងដែរ។
បន្ទាប់ពីដាក់ញតិ្តនៅស្ថានទូតអាមេរិក អ្នកភូមិបឹងកក់ បាននាំគ្នាដង្ហែញត្តិទៅកាន់សហភាពអឺរ៉ុបនៅកម្ពុជាផងដែរ។
កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលធ្វើការតវ៉ារឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំ មកតាមរយៈមេដឹកនាំសំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋទាំង៧ភូមិ ហើយចាប់ពីពេលនោះមកក៏ប្រជាពលរដ្ឋបានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរចេញប្រឆាំងនឹងអ្នកស្រី ទេព វណ្ណនី ដែលចាត់ទុកខ្លួនឯង ជាតំណាង ប្រជាពលរដ្ឋនៅប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហគមន៍អន្ដរ ជាតិគាំទ្រ ព្រមទាំងបានផ្ដល់ពានរង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង។
ប៉ុន្ដែចាប់ពីពេលនេះតទៅស្ត្រីឈ្មោះ ទេព វណ្ណនី ត្រូវបានតំណាងប្រជាពលរដ្ឋក្នុងក្រុមតែមួយនិងប្រជាពលរដ្ឋមួយចំនួនទៀតនៅតំបន់បឹងកក់ចេញមកទម្លាយការពិត និងលែងទទួលស្គាល់ស្ដ្រីរូបនេះ ជាតំណាងរបស់គេទៀតហើយ ដោយបានចោទថា ជាមនុស្សពុករលួយផ្ដាច់ការ និងប្រកាន់បក្ខពួកនិយម ពោលគឺនៅពេលដែលរូបគេបានទទួលលុយ និងជំនួយពីអន្ដរជាតិព្រមទាំងស្ថាប័នផ្សេងនោះ បានយកទៅដាក់ហោប៉ៅខ្លួនឯងសម្រាប់បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ដូរស៊េរីរថយន្ដនិងទិញត្រាក់ទ័រ ដាក់នៅចំការរបស់ខ្លួនព្រមទាំងដាក់លុយនៅធនាគារទៀតផង៕ ដោយៈ សេរីមករា