ភ្នំពេញៈ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ លោក ញឹក ប៊ុនឆៃ បានមាន ប្រសាសន៍ថា ក្រុមដែលប្រកាសចេញពីសម្ព័ន្ធ របស់គណបក្សហ្វ៊ុនស៊ិនប៉ិចទាំងនោះ គឺមូលហេតុមកពីពួកគេ មិនបានទទួល តំណែងអ្វីមួយ ក្នុងជួររាជរដ្ឋាភិបាល ហើយមិនតែប៉ុណ្ណោះ ការចេញរបស់ពួកគេ ក៏មិនបានធ្វើឲ្យគណបក្សរាជានិយម មួយនេះ មានការបែកបាក់គ្នាច្រើនដែរ។
ប្រធានស្តីទី របស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការដែលសមាជិកមួយចំនួន របស់គណបក្សជាតិនិយម ប្រកាសផ្តាច់សម្ព័ន្ធភាព ជាមូយនិងគណបក្សរបស់លោក គឺដោយសារលាភសក្ការៈ ហើយមួយវិញ ទៀត ក្រុមដែលដើរចេញនោះ ក៏នឹងទៅចុះចូលជាមួយ គណបក្សសង្គ្រោះជាតិផងដែរ។ ”វាធម្មតាទេ ហើយវាគ្មានអ្វីប៉ះពាល់ឡើយ ដល់គណបក្សលោក អ្នកដែល ទៅនោះ គឺមានតែតិចតួចប៉ុណ្ណោះ ពួកគេអាចនឹងចូលជាមួយ គណបក្សសង្គ្រោះជាតិ”។ ការដែលអះអាងបែបនេះ របស់លោក ញឹក ប៊ុនឆៃ គឺបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សជាតិនិយម បានចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួនឈប់ បន្តសម្ព័ន្ធភាព ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចទៀត ដោយចោទប្រកាន់បក្សនេះថា មិនឈរលើឯករាជ្យភាព ហើយមាន ជម្លោះផ្ទៃក្នុងច្រើន ព្រមទាំងរាជានិយមក្លែងក្លាយជាដើម៕