ភ្នំពេញ ៖ បុគ្គលិកអង្គការ ប្រព័ន្ធទិន្នន័យ នៅកម្ពុជា (Digital Device Data) ហៅកាត់ថា DDD ប្រមាណជា១០០នាក់ កាលពីព្រឹកថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០១៤នេះ បាននាំគ្នា ចេញតវ៉ា នៅមុខស្នាក់ការអង្គការ ស្ថិតតាមបណ្តោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដើម្បីទាមទារឲ្យអង្គការ ដំឡើងប្រាក់ខែគោល ពី៨៨ដុល្លារ ឡើងដល់ ១៦០ដុល្លារ ។
តំណាងសហព័ន្ធ សហជីពកម្មករ និយោជិក វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានឲ្យដឹងថា បុគ្គលិកអង្គការប្រព័ន្ធទិន្នន័យនៅកម្ពុជា (Digital Device Data) ហៅកាត់ថា DDD បានធ្វើកូដកម្មរយៈពេលពីរថ្ងៃមកហើយ ដោយធ្វើទាមទារ ឲ្យប្រធានអង្គការ ផ្តល់នូវលក្ខខណ្ឌ ការងារមួយចំនួន និងដំឡើងប្រាក់ខែគោលដល់ ១៦០ដុល្លារ ។
ដោយមានការ សម្របសម្រួល ពីអាជ្ញាធរនៅម៉ោង ៩ព្រឹកនេះ តំណាងបុគ្គលិកអង្គការ ប្រព័ន្ធទិន្នន័យនៅកម្ពុជា និងតំណាងសហជីព ១៥នាក់ បានចូលចរចា ជាមួយប្រធានអង្គការនេះ ឈ្មោះ ជេរ៉ាមី ជនជាតិហ្វីលីពីន នៅសាលា សង្កាត់ទួលទំពូងទី២ ប៉ុន្តែដំណោះស្រាយ យ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។ ដោយក្នុងនោះ បុគ្គលិក កម្មករ បានទាមទារ លក្ខខណ្ឌជាច្រើនចំណុច ប៉ុន្តែចំណុចសំខាន់ៗ មានដូច ជាទាមទារឲ្យអង្គការយក បុគ្គលិក ឈ្មោះ ផូង តុលា មកចូលធ្វើការវិញ ហើយទាមទារឲ្យខាងអង្គការ ដកអ្នកប្រធាន ផ្នែកធនធាន មនុស្ស (HR) ឈ្មោះ Penny Gonnay ដែល ជាជាតិហ្វីលីពិនចេញ ដោយខាងបុគ្គលិក បានអះអាងថា ចាប់តាំងពី ឈ្មោះ Penny Gonnay មកគ្រប់គ្រង គឺបុគ្គលម្នាក់ នេះ តែងតែធ្វើព្យុះធ្វើភ្លៀងនៅក្នុងអង្គការ កើតមានបញ្ហាជារហូត ៕