ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ព្រះមហាក្សត្រខ្មែរ យាងត្រឡប់មកកាន់កម្ពុជាវិញ ក្រោយពីបានយាងធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិ ICC-Angkor ប្រទេសបារាំង

ព្រះមហាក្សត្រខ្មែរ យាងត្រឡប់មកកាន់កម្ពុជាវិញ ក្រោយពីបានយាងធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិ ICC-Angkor ប្រទេសបារាំង

(ភ្នំពេញ)៖  នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង១០ព្រឹក ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីបានយាងចូលរួមធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor នៅប្រទេសបារាំង។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបាន បង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

គណៈកម្មាធិការមួយនេះបង្កើតឡើងដំបូងមានរយៈពេលតែ ១០ឆ្នាំប៉ុណ្ណោះ។ តែដោយមើលឃើញពីតួនាទីដ៏សំខាន់របស់គណៈកម្មាធិការមួយនេះក្នុងអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះ ទើបមានការបន្ថែមសុពលភាពរយៈពេល ១០ឆ្នាំចំនួនពីរដងទៀត។ ការបន្ថែមសុពលភាពចំនួនពីរដងនេះ មួយដងត្រូវបាន ធ្វើឡើងតាមរយៈ កិច្ចប្រជុំ នៅទីក្រុងប៉ារីស ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០០៣ និងមួយដងទៀតធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣។

ICC-Angkor មានបារាំង និងជប៉ុន ជាសហប្រធាន, លេខាធិការដ្ឋានវិទ្យាសាស្រ្តអចិន្ត្រៃយ៍ ទទួលបន្ទុកដោយការិយាល័យតំណាង អង្គការយូណេស្កូប្រចាំព្រះ រាជាណាចក្រ កម្ពុជា និង អាជ្ញាធរជាតិអប្សរា តំណាងរាជរដ្ឋាភិបាលកម្ពុជា។

សមាជិក ICC-Angkor មានចំនួន៣៧ប្រទេស មកពី៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត។ ចំនួនអ្នកជំនាញបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor ក៏បានកើនឡើងជាលំដាប់ផងដែរ ពីចំនួន៥០នាក់ មកក្នុងចន្លោះ ៣៥០នាក់ នាពេលបច្ចុប្បន្ននេះ។

ICC-Angkor មានតួនាទី និងភារកិច្ចសំខាន់ក្នុងការស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាបអង្គរ។ ICC-Angkor បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយ ក្នុងរយៈពេល១០ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០០៤ មកដល់បច្ចុប្បន្ន)។

សមិទ្ធផលសំខាន់ៗ ដែល ICC-Angkor សម្រេចបានក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍អង្គរនោះមានដូចជា៖ កិច្ចការជួសជុលប្រាសាទ និងអភិរក្សបេតិកភណ្ឌ, គម្រោងបណ្តុះបណ្តាលថែទាំប្រាសាទ ស្រាវជ្រាវ អភិវឌ្ឍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, លើកតម្លៃរមណីយដ្ឋានអង្គរតាមរយៈក្រមប្រតិបត្តិអង្គរ, ការពង្រីកប្រព័ន្ធទូរគមនាគមន៍, បណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទ, សាងសង់សារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានីក្រោមជំនួយរបស់ជប៉ុន, សាងសង់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីអាគ្នេយ៍ ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា (MEKONG-GANGA COOPERATION-MGC) និងហិរញ្ញប្បទានឥតសំណងពីប្រទេសឥណ្ឌា, បន្តសិក្សានិងរៀបចំផែនការគ្រប់គ្រងទេសចរណ៍នៅអង្គរ(TMP) ដោយសហការជាមួយ ប្រទេសអូស្ត្រាលី, ការងារជួសជុល និងស្ថាបនាផ្លូវក្រោមជំនួយអន្តរជាតិ និងមានបដិភាគរបស់អាជ្ញាធរជាតិអប្សរា, ការងារតបណ្តាញអគ្គិសនី និងការថែទាំស្ទឹងសៀមរាប និងស្តារប្រព័ន្ធធារាសាស្រ្ត បង្ការទឹកជំនន់ជាដើម។

កាលពីចុងខែធ្នូ ឆ្នាំ២០១៨ ខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងអធឹកអធមនៅលើទឹកដីសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីអបអរសាទរនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO ផងដែរ។

ការរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ មានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

* អបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេស នានាលើសាកលលោក

* បង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ

* សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌

* បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា

* បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

* ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។

សូមជំរាបថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះ កិត្តិយសប្រារព្ធពិធី អបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya