កំពង់ចាម៖ សេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានអរិយធម៌បានឲ្យដឹងថា បុរសម្នាក់ បានពុលត្រីក្រពតស្លាប់ ក្រោយពេល ដែលបុរសរងគ្រោះ បានបរិភោគ ត្រីក្រពត និងគ្រឿងក្នុងច្រើន កាលពី ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។សេចក្តីរាយការណ៍បានបញ្ជាក់ថា បុរស ដែលស្លាប់ដោយពុលត្រីក្រពតនេះ មានឈ្មោះ មួង ម៉ុន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ នាយប៉ុស្តិ៍នគរបាល សង្កាត់សំបួរមាស លោក សឹង ចាន់អូន បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ បុរសរង គ្រោះ និងប្រពន្ធបាននាំគ្នា បរិភោគ ត្រីក្រពត ដោយពេលនោះ ស្ត្រីជាប្រពន្ធ បានបរិភោគតែសាច់ត្រីក្រពតទេ បាយរួចក៏ ឈប់បរិភោគទៅ។ ចំណែកប្តីបានបន្តបរិភោគគ្រឿង ក្នុងត្រីក្រពត ក្លែមស្រាអស់ច្រើន ទើបបន្ទាប់មកនាំគ្នាលង់លក់ក្នុងដំណេកទៅ។
លុះដល់វេលាម៉ោង ១រំលងអធ្រាត្រ ចូលថ្ងៃទី៤ ខែកក្កដា ស្រាប់តែជនរងគ្រោះ មាន អាការៈរឹង ដៃ រឹងជើង ធ្វើឲ្យមានការឆោឡោភ្ញាក់ផ្អើលញាតិជិតខាង មកជួយមើល ហើយជាមួយគ្នានោះ ក្រុមគ្រួសារក៏បានទៅហៅគ្រូពេទ្យ ក្នុងភូមិមកពិនិត្យមើល ប៉ុន្តែ ដោយសារអាការៈជនរងគ្រោះ មានសភាព មិនស្រួសខ្លាំង គ្រូពេទ្យក្នុងភូមិ បានណែនាំឲ្យយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ បន្ទាប់មក ក្រុម គ្រួសារនិងញាតិជិតខាង បានជួយដឹកជន រងគ្រោះទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែ គ្រាន់តែលើក ជនរងគ្រោះ ដាក់លើរទេះរុញនៃមន្ទីរពេទ្យត្រូវគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោក នាយប៉ុស្តិ៍ ដដែលបានឲ្យដឹងទៀតថា ឆ្លងតាមការពិន្យិ សមត្ថកិច្ចបានសន្មត់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ បរិភោគគ្រឿងក្នុងត្រីក្រពត ច្រើន។ កន្លងទៅរដ្ឋបាលជលផល បានចេញសេចក្តីប្រកាសដោយបង្ហាញថា ត្រីក្រពតក្នុងទឹក សាប៣ប្រភេទ ក្នុងចំណោម១០ប្រភេទនៅកម្ពុជា រួមមាន៖ Tetraodon cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព ជាប្រភេទត្រីក្រពតដែលមានជាតិពុលខ្លាំង។
នៅក្នុងសេចក្តីប្រកាសនោះ ក៏បានឲ្យដឹងផងដែរថា ត្រីក្រពតមានសារធាតុពុលទាំង៣ប្រភេទ មានជាតិពុលខ្ពស់ បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតា កើតឡើងនៅក្នុងខែកុម្ភៈ និងមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់៕ដោយ៖ នាយក្អែកខ្មៅ