បន្ទាយមានជ័យ៖ សកម្មជនចលនាអំណាចពលរដ្ឋខ្មែរ៣នាក់ ត្រូវបានចៅក្រមសើបសួរសាលា ដំបូងខេត្តបន្ទាយមានជ័យ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត បន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៤កក្កដា ២០១៣ បន្ទាប់ពីធ្វើសកម្មភាពចែកវិទ្យុអាវ យឺតនាឡិកាដៃវីស៊ីឌីបិទឡូហ្គោមានអក្សរចលនាអំណាចពលរដ្ឋខ្មែរនិងមានអក្សរប្រឆាំងការបោះឆ្នោតនិងប្រឆាំងរដ្ឋាភិបាលកម្ពុជា ជូនពលរដ្ឋហើយសកម្មជនទាំង៣នេះ អាចនឹងជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំបើសិនជារកឃើញថាល្មើសនឹង ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយត្រូវបានប៉ូលិសកណ្តាល សន្តិសុខឃាត់ខ្លួនបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១ កក្កដា ២០១៣ នៅក្រុងប៉ោយប៉ែត។លោក ធាមច័ន្ទពិសិដ្ឋ ចៅក្រមសើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យបានអោយដឹងថា សកម្មជនចលនាអំណាចពលរដ្ឋខ្មែរ៣នាក់ ដែលសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យចាប់បញ្ជូន មកតុលាការកាលពីព្រឹកថ្ងៃទី៣ទី៤នេះបានត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររួចហើយ។ តែបើតាមប្រភពព័ត៌មានដែលអរិយធម៌ទទួលបាន ជនជាប់ចោទទាំង៣ដែលប៉ូលិសកណ្ដាលសន្តិសុខ ដឹកនាំ ដោយលោកវរសេនីយ៍ឯក ឃួន ប៊ុនហួន ស្នងការរងនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមនឹងប៉ូលិសក្រុងប៉ោយប៉ែតក្រោយពីមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ មាន ១-ឈ្មោះ សេរីប៊ុនឡុង ភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅផ្ទះជួលភូមិបាលិលេយ្យសង្កាត់ក្រុងប៉ោយប៉ែត ទើបតែឈប់ធ្វើការពីអង្គការកម្ពុជានៃក្ដីសង្ឃឹមមានទីតាំងនៅក្រុងប៉ោយប៉ែត ២-ឈ្មោះ សេង សុម៉េង ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅក្រុងប៉ោយប៉ែត និង៣-ឈ្មោះ អ៊ុំ ភិរុណ ភេទប្រុសអាយុ២៦ឆ្នាំ ទីលំនៅក្នុងក្រុងប៉ោយប៉ែតដែលបុរសនេះត្រូវបានគេយកអត្តសញ្ញាណប័ណ្ណទៅដក លុយដែលវេរពីក្រៅប្រទេសមកស្រុកខ្មែរដើម្បីយកទៅបោះពុម្ពអាវយឺត។
សកម្មជនទាំងត្រូវបានតុលាការចោទប្រកាន់តាមមាត្រា៤៥៣ នៃច្បាប់ព្រហ្មទណ្ឌ និងមាត្រា១២៤ នៃច្បាប់ ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលក្នុងច្បាប់ព្រហ្មទណ្ឌនៃមាត្រានេះបើរកឃើញថា ជនទាំងបីនេះល្មើសនឹងច្បាប់នឹងត្រូវជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ។
គួរបញ្ជាក់ថា សកម្មជនទាំងបីដែលត្រូវចាប់ខ្លួននេះគឺដោយសារតែជាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ចែកវិទ្យុអាវយឺតនាឡិកាដៃវីស៊ីឌីបិទឡូហ្គោមានអក្សរចលនាអំណាចពលរដ្ឋខ្មែរ និងមានអក្សរប្រឆាំងការបោះឆ្នោតនិងប្រឆាំងរដ្ឋាភិបាលកម្ពុជាក្នុងនោះពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតនូវសំភារៈ បានអាវយឺតពណ៌លឿងចំនួន១០៩អាវយឺតនិងនាឡិកាដៃ៣៤០ វិទ្យុ២៥គ្រឿង ដែលសុទ្ធតែមានឡូហ្គោសរសេរជាអក្សរខ្មែរចលនាអំណាចប្រជាពលរដ្ឋខ្មែរនិងមានអក្សរខ្មែរបន្ថែមនៅខាងក្រោយអាវយឺតថាមិនគាំទ្រនិងការបោះឆ្នោត។ ហើយជនទាំងបីនេះក៏មានទំនាក់ទំនងជាមួយឈ្មោះ សួន សេរីរដ្ឋា ជាប្រធានចលនាអំណាចប្រជាពលរដ្ឋដែលជាចលនាខុសច្បាប់ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលធ្វើសកម្មភាពប្រឆាំងនិងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយជននេះក៏ត្រូវបានតុលាការកម្ពុជាចេញដីកាចាប់ខ្លួនផងដែរ ៕ ដោយ៖ សម្បត្តិ សីហា