បន្ទាយមានជ័យ៖រថយន្តតាកូម៉ា ដឹកហ្គាសល្មើសច្បាប់ មួយគ្រឿង ចេញពីច្រករបៀងមួយ កន្លែងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃបើកបរ ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូស្កូពីមួយគ្រឿង ដែលឈប់នៅចិញ្ចើមផ្លូវបណ្តាល ឲ្យបុរសវ័យកណ្តាលម្នាក់ ស្លាប់នៅនឹងកន្លែងចំណែក អ្នកបើកបររថយន្តបានរត់គេចបាត់ស្រមោល….។
គ្រោះថ្នាក់ចរាចណ៍ ខាងលើបានកើតឡើង កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី១១មករា ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៥៩ ត្រង់ចំណុច ខាងកើតប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំអូរស្រឡៅ ប្រមាណ៥០ម៉ែត្រស្ថិត ក្នុងភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច នគរបាលស្រុកម៉ាឡៃ បានឲ្យ ដឹងថាជនរងគ្រោះមានឈ្មោះ ជំ វ៉ានីភេទ ប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះ បានត្រឡប់មកពីហូបការគេ ដោយជិះម៉ូតូម៉ាកស្កូពី ពណ៌ផ្កាឈូកលាយ ខ្មៅស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខ ។ លុះធ្វើដំណើរ មកដល់កន្លែងកើតហេតុ បានឈប់ម៉ូតូរង់ចាំបត់ចូលផ្ទះ ស្របពេលនោះ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ ស្ទឹងត្រែង2A-005 មានផ្ទុក ធុងហ្គាសគេចពន្ធ យ៉ាងពេញប្រៀប បើកបរ ក្នុងទិសដៅពីលិចទៅ កើតដោយបានវ៉ា រថយន្តមួយគ្រឿងទៀត ដែលបើកបរ ស្របទិសគ្នា ក៏ជ្រុលចង្កូតមក បុកម៉ូតូជនរងគ្រោះ ប៉ើងដូចសំឡី បណ្តាលឲ្យ អ្នកបើកម៉ូតូស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ស្រុកម៉ាឡៃ បានចុះមកធ្វើការវាស់វែង ព្រមទាំងយក រថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសាកសពជនរងគ្រោះក៏ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាម ប្រពៃណី៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » តាកូម៉ាដឹកហ្គាស គេចពន្ធបុកប្រជាពលរដ្ឋ ប៉ើងដូចសំឡី ស្លាប់យ៉ាងអាណោចអាធ័ម