ប៉ោយប៉ែត៖តៃកុងគ្រឿងចក្រ ឈូសឆាយផ្លូវម្នាក់ ត្រូវជនកំណាច ដៃដល់វាយ ត្រូវមួយកូនសោ ចំផ្ទៃមុខ បណ្តាលឲ្យ ហូរឈាមស្រោចខ្លួន កាលពីវេលា ម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៤ នៅចំណុចផ្លូវលំ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
ជនសង្ស័យដៃដល់ មានឈ្មោះជិន សាវី ហៅពៅ ភេទប្រុស អាយុជាង៣០ឆ្នាំ មានមុខរបរ ជាជាងភ្លើង និងជាអ្នក រកស៊ី ត បណ្តាញទឹក រស់នៅ ក្នុងភូមិកើតហេតុ ខាងលើ។ចំណែកជនរងគ្រោះ មាន ឈ្មោះ ចាន់ ភេទ ប្រុស អាយុ ជាង៣០ឆ្នាំ រស់ នៅក្នុងភូមិ ទួលពង្រ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើការឈូសឆាយ ផ្លូវនៅចំណុច ក្នុងភូមិខាងលើ ដែលជាគំរោងអភិវឌ្ឍន៍របស់ធនាគារ អភិវឌ្ឍន៍អាស៊ី និងមានការសហការគ្នា ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រឹមត្រូវស្របច្បាប់ ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងភូមិឲ្យកាន់តែប្រសើរ ។
ខណៈកំពុងឈូសឆាយ ផ្លូវជូនប្រជាពលរដ្ឋ បណ្តាលឲ្យប៉ះទុយោ ទឹករបស់ ជនកំណាច ខាងលើ ដែល កប់ទទឹងផ្លូវ ធ្វើឲ្យជនកំណាចរូបនោះ ខឹងហើយប្រើកម្មករ របស់ខ្លួន ឲ្យទៅយកដែកគោល ដំទំលាយ កង់ គ្រឿងចក្រ បន្ទាប់មកជនសង្ស័យ បានទាញកូនសោ ម៉ាលេតឡាន ឡើងទៅវាយ តៃកុងគ្រឿងចក្រ បណ្តាលឲ្យបែកក្បាល ហូរឈាម ធ្លាក់ពីគ្រឿងចក្រ ព្រមទាំងទាយកាំបិត មកបំរុង កាប់សម្លាប់បន្ថែមទៀត ។
ឃើញទិដ្ឋភាពដ៏សាហាវយង់ឃ្នងបែបនេះ ប្រជាពលរដ្ឋ ផ្អើលពេញមួយភូមិ មកជួយការពារ ជនរង គ្រោះ ព្រមទាំងដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ចំណែកជនសង្ស័យ ត្រូវ កម្លាំងប៉ូលិស ប៉ុសិ៍ រដ្ឋបាល សង្កាត់ផ្សារកណ្តាលនាំទៅសួរនាំនៅប៉ុស្តិ៍ ហើយធ្វើការឃុំខ្លួន បណ្តោះអាសន្ន រងចាំការដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើ ត្រូវប្រជាពលរដ្ឋគ្រប់ៗគ្នា ក្នុងភូមិប្រាប់ថា ជាមនុស្ស ទំនើង សាហាវណាស់ កន្លងមក ធ្លាប់វាយកាប់ចាក់ អ្នកជិតខាង គឺគេមិនដែលខ្លាចក្រែងរអែងច្បាប់ទំលាប់ បន្តិចសោះឡើយ ពីព្រោះ រូបគេអាងមានលុយ ច្រើនចាយមិនអស់៕ ដោយ ខៀវ បូរី