ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តពាក់ស្លាកលេខ ខ.ម ដោយមានភាពស្រវឹងជោកជាំទប់ស្មារតីមិននឹងនបានបើកទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងរួចអូសប្រមាណជាង៣០ម៉ែត្របណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ រីឯម៉ូតូជនរងគ្រោះខូចខាតទាំងស្រុង ។
ហេតុ ការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវ២០១១ ក្នុងភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែល ស្លាប់មានឈ្មោះ ញឹម ផាន់ណា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិកោះសូទិន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០E3 ផ្លូវលេខ២៣០ ភូមិ១១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ស្លាកលេខកំពង់ចាម 1A-3977 ។ រីឯរថយន្តបង្កហេតុមិនត្រូវបានគេស្គាល់អត្តសញ្ញាណអ្នកបើកបរ ឡើយ ដោយជិះរថយន្តម៉ាកអ៊ីហ្ស៊ុយស៊ុយ ពណ៌សំបកឳឡឹក ពាក់ស្លាកលេខខេមរភូមិន្ទ 2.3164 ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងក្នុងទិសពី លិចទៅកើតតាមផ្លូវលេខ២០១១ ។ លុះមកដល់ចំណុចកើតហេតុស្រាប់ឃើញរថយន្តបង្កហេតុបើកក្នុងទិសដៅ បញ្ច្រាសទិសគ្នាក៏រេចង្កូតបុកម៉ូតូជនរងគ្រោះចំពីមុខពេញ ទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅកន្លែងកើតហេតុក៏បានឃាត់រថ យន្តបង្កហេតុ និងអ្នកបើកបរភ្លាមៗផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលចរាចជើងគោ ករាជធានីភ្នំពេញមកវាស់វែងនិងយករថយន្តនិងម៉ូតូជនរងគ្រោះទៅ ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ ដោយ៖ សហការី