ភ្នំពេញ៖ អ្នករត់រ៉ឺម៉កកង់បីម្នាក់ បានចាក់សាំងស្រោចខ្លួន ហើយដុតខ្លួនឯងធ្វើអត្តឃាត នៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ និង២០នាទីយប់ ថ្ងៃទី១២ ខែមករាឈានចូលថ្ងៃទី១៣ ឆ្នាំ២០១៤ បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែត្រូវបានគេជួយពន្លត់ ទាន់ពេលវេលា។ រួចពីសេចក្តីស្លាប់តែរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ជនរងគ្រោះក៏ត្រូវបានប្រពន្ធនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
បុរសខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ យ៉ុង ម៉ាឡែន អាយុ២៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងសាលាបឋមសិក្សាជម្ពូវ័ន្តតែម្តងហើយទាន មុខរបរអ្នករត់រ៉ឺម៉កកង់បី ចំណែកឯស្ត្រីជាប្រពន្ធឈ្មោះ គឿន ជាតា អាយុ១៩ឆ្នាំ មានមុខរបរជាអ្នកលក់សាំងដបតាមចិញ្ចើមផ្លូវ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺពួកគេបានទាស់ទែងពាក្យសម្តីគ្នាតិចតួច ហើយប្រពន្ធបាននិយាយលេង ចំអកឡកឡឺយ ថា បើរស់នៅមិនចុះសម្រុងគ្នា ជួបការលំបាកជាបន្តបន្ទាប់ដូច្នេះ គឺលែងគ្នាតែម្តងទៅ ។ ផ្តើមចេញពីពាក្យសម្តីបែបនេះហើយ ទើបបុរសរូបនោះគិតខ្លីរហូតដាច់ចិត្តយកសាំងនៅក្នុងដប១លីត្រចាក់ស្រោចលើខ្លួនដុតខ្លួនឯង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានប្រពន្ធ ជួយពន្លត់ភ្លើងទាន់ ប៉ុន្តែបានបណ្តាលឲ្យរលាករលួយ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុភ្លាមៗ គឺប្រពន្ធបានរូតរះដឹកប្តី យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈដែរ ប៉ុន្តែមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ ព្រោះស្ថានភាពឆាបឆេះ រោលរាលពេញខ្លួនធ្ងន់ធ្ងរខ្លាំងណាស់ ។ បុរស ប៉ងធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯងនេះ ពេលនេះក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ធ្វើការព្យាបាល របួស៕ ដោយ៖ នាយស្មានឡេះ