ភ្នំពេញ ៖ បើទោះបីពុំមាន ការបញ្ជាក់ ជាផ្លូវការ ពីសំណាក់សមត្ថកិច្ច និងមន្ដ្រីជាន់ ខ្ពស់ របស់រាជរដ្ឋាភិបាលថា បុគ្គលឈ្មោះ Sokha Sunny Tee ជាមេបញ្ជាការកងទ័ព ខុសច្បាប់ មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បង្កើតកងកម្លាំង ចង់ផ្ដួលរំលំ រាជរដ្ឋាភិបាល កម្ពុជាក៏ដោយនោះ ប៉ុន្ដែ ប្រភពព័ត៌មាន មួយចំនួន និងតាមរយៈការ បង្ហោះតគ្នានៅ លើបណ្ដាញសង្គម ទំនាក់ទំនង ហ្វេសប៊ុក បានហៅបុគ្គលរូបនេះ ជាមេបញ្ជាការកង ទ័ពខុសច្បាប់ និងជាក្រុមតែមួយជាមួយ បុគ្គលឈ្មោះ សួន សេរីរដ្ឋា មេចលនាអំ ណាចប្រជាជន ។
បុគ្គល Sokha Sunny Tee ត្រូវបានសមត្ថកិច្ច រាយការណ៍ថា បាន ធ្វើដំណើរមកដល់ ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៤ តាមច្រក ទ្វារព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ប៉ុន្ដែ ពុំមានការចាប់ខ្លួន ពីសំណាក់កម្លាំង សមត្ថកិច្ចណាមួយនោះទេ ។
បើតាមមន្ដ្រីនគរបាលរូបនេះ Sokha Sunny Tee ត្រូវបានគេឃើញនៅក្នុងបញ្ជី ឈ្មោះនៃអ្នកដំណើរតាម យន្ដហោះមក ដល់ប្រទេសកម្ពុជា កើតនៅថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ ១៩៦៩ ដែលមានសញ្ជាតិខ្មែរ អាម៉េរិក ។
ប្រភពព័ត៌មានមួយចំនួន និងតាមរយៈ ការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា Sokha Sunny Tee គឺជាមេ បញ្ជាការកងទ័ព ខុសច្បាប់ បង្កើតនៅសហ រដ្ឋអាមេរិក ដើម្បីផ្ដួលរំលំ រាជរដ្ឋាភិបាល កម្ពុជា ហើយបុគ្គលរូបនេះធ្វើការជាមួយ សួន សេរីរដ្ឋា, សូ ណារ៉ូ និង មាជ សុវណ្ណារ៉ា តំណាងរាស្ដ្រជាប់ឆ្នោត មណ្ឌលបន្ទាយមាន ជ័យ របស់គណបក្សសង្គ្រោះជាតិ ។
បុគ្គល នេះពេលធ្វើដំណើរ មកដល់ប្រទេសកម្ពុជា នឹងជួបជាមួយលោក មាជ សុវណ្ណារ៉ា និង បក្ខពួករបស់ខ្លួននៅព្រំដែនថៃ-កម្ពុជា ក្នុង ទឹកដីប្រទេសថៃ ។ ជុំវិញបញ្ហាទាំងនេះ តំណាងរាស្ដ្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា តាមរយៈកាសែត ក្នុងស្រុកបាន បដិសេធមិនស្គាល់ បុគ្គលរូបនេះឡើយ ហើយគណបក្ស សង្គ្រោះជាតិ ក៏មិនទាក់ទង ជាមួយក្រុមប្រដាប់អាវុធ ណាមួយនោះទេ គឺការតវ៉ាធ្វើឡើង ដោយអហិង្សា ។
ដោយឡែក សួន សេរីរដ្ឋា ដែលជាមេចលនាអំ ណាចពលរដ្ឋខ្មែរ មានមូលដ្ឋាន នៅសហរដ្ឋ អាម៉េរិកនោះ នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៤ ពីទីក្រុងបាងកក ប្រទេសថៃក៏បាន ចេញសេចក្ដីប្រកាសមួយ មិនទទួលស្គាល់ ឈ្មោះ Sokha Sunny Tee ហើយក៏មិនស្គាល់ឈ្មោះ សូ ណារ៉ូ និងពុំមានទំនាក់ទំនង តាំងពីខែវិច្ឆិកា ឆ្នាំ២០១០ ជាមួយលោក មាជ សុវណ្ណារ៉ា បើទោះបីខ្លួនធ្លាប់ជួយ បង្កើត និងកសាងកេរ្ដិ៍ឈ្មោះឱ្យវិទ្យុខ្មែរប៉ុស្ដិ៍ ក៏ដោយនោះ៕