ស្ទឹងត្រែង ៖ កំលាំងចម្រុះចុះឡោមព័ទ្ធនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ត្រង់ចំនុចភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ធ្វើការដឹកជញ្ជូនតាំងពីថ្ងៃរហូតដល់យប់ទើបអស់។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះឡោមព័ទ្ធឆែកឆេរទីតាំងស្តុកឈើធ្នង់ ឈើគ្រញូងខាងលើ កម្លាំងចម្រុះបានរកឃើញឈើពកធ្នង់មូល៣ដុំធំៗ ឈើធ្នង់សន្លឹកដាក់ ក្រោមផ្ទះជាច្រើនសន្លឹក និងឈើគ្រញូងកប់ដីចំនួន៤រណ្តៅ ប្រមាណជាង៣តោន ត្រូវបានធ្វើការរឹបអូស។ រីឯម្ចាស់ផ្ទះដែលបានរត់គេចខ្លួនត្រូវបានស្គាល់ថាឈ្មោះស៊ុំ ម៉ាប់ ជាអ្នកប្រមូលទិញឈើគ្រញូងដឹកចេញពីប្រឡាវ និងប្រមូលទិញឈើធ្នង់ក្នុងទឹកដីស្រុកសៀមប៉ាងទៅលក់នៅប្រទេសឡាវ ។
សមត្ថកិច្ចចម្រុះដឹកនាំដោយលោកជា ពេជ្រ ព្រះរាជអាជ្ញាររងសាលាដំបូងខេត្ត រួមមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង នគរបាលអធិការដ្ឋានស្រុកសៀមប៉ាង អាវុធហត្ថស្រុកសៀមប៉ាង បានចុះឡោមព័ទ្ធផ្ទះស្តុកឈើមួយកន្លែងរកឃើញឈើធ្នង់ ឈើគ្រញូង ដែលក្រុមឈ្មួញកប់ដីលាក់ទុកចំនួន៤រណ្តៅ ប្រមាណជាង៣តោន ឈើធ្នង់ពក ឈើធ្នង់សន្លឹកជាច្រើន ប្រមាណ៦រថយន្តកែឆ្នៃ ត្រូវបានធ្វើការរឹបអូសដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើស្រុកសៀមប៉ាង។
ការ បង្ក្រាបឈើធ្នង់ គ្រញូងខុសច្បាប់ខាងលើកម្លាំងជំនាញបង្ក្រាបតាំងពីថ្ងៃរសៀល រហូតដល់យប់ទើបរួចរាល់ តែយើងមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ បើតាមការប៉ាន់ស្មានបានប្រមាណចំនួន៦រថយន្តកែឆ្នៃ និងត្រូវបានធ្វើការរឹបអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្រុក សៀមប៉ាង។ ចំណែកអ្នកពាក់ព័ន្ធក្នុងការរកស៊ីឈើខុសច្បាប់ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕