ប៉ោយប៉ែត ៖ ក្នុងលិខិតលោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសចុះថ្ងៃទី៩ ខែមករា បានឱ្យដឹងថា ពលករខ្មែរទាំង១៥នាក់នេះ បានឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ហើយត្រូវបានសង្គ្រោះនិងរំដោះកាលពី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ខណៈពលករ ឆ្លងដែនខុសច្បាប់ទាំងនេះត្រូវមេខ្យល់ នាំយកទៅឃុំទុកនៅខាងជើងផ្សាររុងក្លឿ ប្រទេសថៃ ។
ពលករខ្មែរ១៥ នាក់ដែលគេដឹងថា ចាញ់បោកមេខ្យល់ យកទៅបង្ខាំងទុកនៅខាងជើងផ្សាររុងក្លឿ ប្រទេសថៃ ត្រូវបានរំដោះចេញពីការ បង្ខាំងទុក នេះបើយោងតាមមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរ ជាតិឱ្យដឹងនៅថ្ងៃទី៩ ខែមករា ២០១៤។
ពលករទាំង១៥នាក់នេះ មានទីលំនៅភូមិពោធិ៍ព្រឹក្ស ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម ។ លិខិត របស់លោក កុយ គួង បានបន្ដថា ពលករ រងគ្រោះសមត្ថកិច្ចបានរំដោះបន្ទាប់ពី ទទួលព័ត៌មានហើយស្ថានកុងស៊ុលកម្ពុជា នៅខេត្ដសាកែវ ប្រទេសថៃ បានសហការ ជាមួយអាជ្ញាធរថៃ តែពេលនេះពលករខ្មែរ ទាំង១៥នាក់នេះត្រូវបានបញ្ជូនមកដល់ កម្ពុជាវិញនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីការរំដោះ ។ បច្ចុប្បន្នអាជ្ញាធរ កម្ពុជានិងថៃកំពុងសហការគ្នាដើម្បីរក ចាប់ខ្លួនមេខ្យល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕