ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារជាន់ទី៣ បានរងរបួសធ្ងន់ ហើយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីត្រូវធ្លាក់ពីលើអគារ សំណង់ហូតែល សុខា ម្តុំជ្រោយ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពីព្រឹកម៉ោងជាង១០ និង៣០ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ នោះឥឡូវបានស្លាប់បាត់បង់ជីវិតហើយ គឺស្លាប់ កាលពីរសៀលថ្ងៃទី០៦ ខែឆ្នាំដដែលនោះ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ មានកម្មករផ្នែកកញ្ចក់ម្នាក់ បានធ្លាក់ពីជាន់ទី៣ នៃអគារអូតែសុខា នៅជ្រោយចង្វារបួសធ្ងន់ភ្លាម ត្រូវបានគេហៅរថយន្តរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ផងដែរ ដោយមិនបានរាយការណ៍ប្រាប់សមត្ថកិច្ច ឬអាជ្ញាធរឡើយ ហើយខាងមេការបានលាក់បាំងព័ត៌មាននេះ ដោយមិនបានផ្តល់ព័ត៌មានដល់ក្រុមអ្នកសារព័ត៌មានឡើយ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កម្មកររងគ្រោះនោះ ជាកម្មករកញ្ចក់នៅជាន់ទី៣ ហើយមិនដឹងយ៉ាងម៉េច ក៏ត្រូវធ្លាក់បណ្តាលឱ្យកម្មករម្នាក់រងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ម៉ាត់ សាឡេះ ជាកម្មករសំណង់ រស់នៅ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។
គួរបញ្ជាក់ថា សំណងអាគារសណ្ឋាគារ ដ៏ធំស្កឹមស្កៃ ដែលមើលពីមុខព្រះបរមរាជវាំងឃើញយ៉ាងច្បាស់នោះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ បានធ្លាក់កញ្ចក់ត្រូវរបួស កម្មករ ០២ នាក់ ហើយបានស្លាប់ម្នាក់ នៅមន្ទីរកាល់ម៉ែត្រហើយ កាលពីជាង៣ខែមុន មានស្ត្រីម្នាក់ បានធ្លាក់ចូលក្នុងចន្លោះជណ្ដើរយន្តស្លាប់បាត់បង់ជីវិតម្តងរួចហើយ តែឥឡូវ ត្រូវមានគ្រោះថ្នាក់ដល់កម្មករទៀត ពោលគឺបានស្លាប់ ០២ នាក់ហើយ និងរបួសម្នាក់ទៀត ៕ by richhat