ភ្នំពេញ ៖ រោងកាត់ដេរនិងសិប្បកម្មសរុប៤០ទីតាំងនៅខណ្ឌដង្កោ បានបើកទ្វារឲ្យកម្មករ-កម្មការិនី ឲ្យចូលធ្វើការវិញធម្មតា និងក៏គ្មានការកាត់ប្រាក់ខែអ្វីដែរ បន្ទាប់ពីមានការបង្កអុកឡុករំខានមួយរយៈកន្លងមក ។ នេះបើតាមការអះអាងពីអាជ្ញាធរខណ្ឌដង្កោកាលពីព្រឹកថ្ងៃទី៧ ខែមករានេះ។
អភិបាលរងខណ្ឌដង្កោ បានបញ្ជាក់ឲ្យដឹងពីស្មារតីនិងមតិលើកឡើងថា បើតាមការស្ទាបស្ទង់មតិរបស់កម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រ កាត់ដេរ ជាពិសេសអ្នក លក់ដូរម្ហូបអាហារនៅមុខរោងចក្រ បានគាំទ្រយ៉ាងខ្លាំងនូវចំណាត់ការទប់ស្កាត់ក្រុមអនាធិបតេយ្យនេះ ព្រោះថាបើទុកបណ្តែតបណ្តោយឲ្យក្រុមនេះបង្កដើរអុកឡុកទៀតនោះ គាត់ជាអ្នកលក់ដូរបាយម្ហូបឲ្យកម្មករនោះពិតជាដាច់បាយហើយ ។ ចំពោះកម្មកររោងចក្រវិញក៏រងគ្រោះកាន់តែធ្ងន់ធ្ងរៗទៅផងដែរ និយាយជារួមគឺប៉ះពាល់រាល់អ្វីៗទាំងអស់។
ដោយឡែក លោក ប៊ុន ឡេង ប្រធានរដ្ឋបាលរោងចក្រកាត់ដេរស៊ាវគីញ ក៏បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា រោងចក្រកាត់ដេររបស់លោក នឹងឲ្យកម្មករចូលធ្វើការវិញនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ។ លោកថា កន្លងទៅកម្មកររោងចក្រលោកក៏ត្រូវបានរំខានដោយក្រុម អនាធិបតេយ្យមកអុកឡុក ដែរ ដោយថៅកែរោងចក្ររបស់លោកខ្លាចមានការ ប៉ះទង្គិចគ្នា និងឈានដល់មានការបំផ្លិចបំផ្លាញពីក្រុមជនទាំងនោះ ក៏បានឲ្យកម្មក ចេញទៅផ្ទះសិន រង់ចាំមើលសភាពការណ៍យ៉ាងម៉េចសិន ចាំចូលធ្វើការវិញ។
កម្មការិនីម្នាក់ក៏បានប្រាប់ឲ្យដឹងថា មួយរយៈនេះនាងមានការភ័យខ្លាចអ្វី ដែលបានកើតឡើង ។ នាងថា ក្រោយពីថៅកែរោងចក្របិទទ្វារឲ្យកម្មករទៅ ផ្ទះសំរាក ដើម្បីចៀសវាងការប៉ះទង្គិចគ្នារវាងកម្មករនិងកម្មករ ដោយមានការរំខានអុកឡុកពីក្រុមខិលខូចនោះ នាងបានទៅជួយច្រូតស្រូវជាមួយម្តាយនៅខេត្តតាកែវ ។ នាងថានាងអត់ ទៅចូលរួមធ្វើបាតុកម្មឡើយ ហើយពេលនេះអាជ្ញាធរក្រុងបានចាត់វិធានការណ៍ទៅលើក្រុម អនាធិបតេយ្យនេះ ទាំងរូបនាងផ្ទាល់ ក៏ដូចជាកម្មករដទៃផ្សេងទៀត សូមគាំទ្រនូវចំណាត់ការនេះ ព្រោះថានាងបានចូលធ្វើការវិញដើម្បីយកប្រាក់ខែជួយផ្គត់ផ្គង់ គ្រួសារ។
គួរ បញ្ជាក់ឲ្យដឹងដែរថា នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានរោងចក្រកាត់ដេរទាំងខ្នាតធំនិងខ្នាតតូច សរុបចំនួន៤០រោងចក្រ និងសិប្បកម្មសរុបចំនួន១៨កន្លែង កម្មករ-កម្មការិនីសរុបជាង២ម៉ឺននាក់ ៕
» Breaking News, ព័ត៌មានជាតិ » រោងកាត់ដេរនិងសិប្បកម្មនៅខណ្ឌដង្កោ បើកទ្វារឲ្យកម្មករចូលធ្វើការវិញ