បន្ទាយមានជ័យ ៖កម្លាំងនគរបាលស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួន បុរសវ័យចំណាស់ អាយុ៦៥ឆ្នាំម្នាក់ កាលពីថ្ងៃទី៥ មករា ២០១៤ បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះថាបុរសចំណាស់រូបនេះបានលួងលោមក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំរួមភេទបានសម្រេចកាល ពីយប់ថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ ហើយនគរបាលបានបញ្ជូនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០១៤។
លោកវរសេនីយ៍ត្រី សៅ ប៊ុនអធិការនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះនៅ ត្រាច អាយុ៦៥ឆ្នាំមានស្រុកកំណើតនៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរីមកស្នាក់នៅស៊ីឈ្នួលច្រូតស្រូវនៅភូមិតាគង់ ឃុំតាគង់ស្រុកម៉ាឡៃ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ១៥ឆ្នាំដែលជាកម្មករ មកស៊ីឈ្នួលច្រូតស្រូវនៅទីនោះដូចគ្នាយកទៅរួមភេទ រហូតបានសម្រេចកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ធ្នូ ២០១៣ កន្លងទៅនេះ នៅលើផ្ទះឈ្មោះគីម ប៊ុនធឿន ស្ថិតក្នុងភូមិ ទួលអំពិល ភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចជាការរៀបរាប់ ខាងលើពិតប្រាកដមែន ដោយសារតែខ្លួន ស្រវឹងស្រា ស ផឹកជាមួយ កម្មករដូចគ្នាអស់២លីត្រ ទើបវង្វេងវង្វាន់ តណ្ហាពុះកញ្ជ្រោល ទប់ចិត្តមិនបាន ក៏លួងលោម ក្មេងស្រី អាយុ១៥ឆ្នាំ យកទៅរួមរ័ក រហូតបានសម្រេចតែម្តងទៅ។
ផ្អែកលើចម្លើយសារភាព ជនសង្ស័យ ត្រូវកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី នាថ្ងៃច័ន្ទទី៦ ខែមករា ឆ្នាំ២០១៤ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ ខៀវ បូរី