ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញបានសហការជាមួយប្រជាពលរដ្ឋរួមគ្នាចាប់ខ្លួនចោរខ្ទើយបាន ម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ ពីចោរខ្ទើយទាំងពីរនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិ បរទេសម្នាក់ កំពុងជិះរ៉ឺម៉កម៉ូតូ តែមិនបានសម្រេច កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចខាងកើតវត្ដភ្នំ តាមបណ្ដោយផ្លូវស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្ដ្រី កងរាជអាវុធហត្ថខណ្ឌដូនពេញ បានឱ្យដឹងថា មុខនឹងឃាត់ខ្លួនចោរខ្ទើយនេះ គឺគេបានជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1AX-1147 ជិះគ្នាពីរនាក់ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ដៃពីជនជាតិបរទេសម្នាក់ដែលកំពុងជិះ រ៉ឺម៉កម៉ូតូ១គ្រឿងធ្វើដំណើរតាមបណ្ដោយ ផ្លូវព្រះស៊ីសុវត្ថិ តែមិនបានសម្រេច ព្រោះតែប្រជាពលរដ្ធនិងអ្នកធ្វើដំណើរ តាមផ្លូវឃើញក៏នាំគ្នាដេញតាមចាប់ ចោរខ្ទើយនេះបានម្នាក់និងម៉ូតូ១គ្រឿងទៀតភ្លាមៗ ។ ចំណែកចោរខ្ទើយម្នាក់ ទៀតនោះបានរត់គេខ្លួនបាត់ស្រមោលតែម្ដង ។
មន្ដ្រី កងរាជអាវុធហត្ថដដែលបានឱ្យដឹងទៀតថា ជនសង្ស័យនេះមានឈ្មោះ ពុត ស៊ីណា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះ ជួលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណែកបក្ខពួកម្នាក់ឈ្មោះ ភ័ក្រ អាយុ២១ឆ្នាំបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន ដើម្បីកសាងសំណំរឿងបញ្ជូន សាលាដំបូងរាជធានីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕