មន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតអរិយធម៌ឲ្យដឹងថា លោក តេង សួនប្រធានក្រុមនគរបាលបង្ក្រាបបទល្មើសដែនសមុទ្រខេត្តកំពតកំពុង ត្រូវគេ រិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ បិទបាំងបទ ល្មើសដែនសមុទ្រដោយគ្មានកោតញញើតពីច្បាប់ទម្លាប់ឬបទបញ្ជារបស់ អគ្គស្នងការនគរបាលជាតិនោះឡើយ ហើយអត់ដែលបង្ហាញស្នាដៃបង្ក្រាបអ្វីធំដុំទេគឺសំងំតែប្រមូលលុយពីបទល្មើស នេសាទ ការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ និងការនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ដែលក្រុមឈ្មួញ ដឹកជញ្ជូនឆ្លងកាត់ផ្ទៃសមុទ្រខ្មែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ខ្លួនតែប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា ម្ចាស់បទល្មើសឆ្លងកាត់លើផ្ទៃសមុទ្រជារៀងរាល់យប់តែងបង់លុយកាក់អោយ មន្ត្រី ប៉ូលិសព្រំដែនទឹកអស់ហើយ ជាពិសេស លោក តេង សួន បានដាក់មន្ត្រីជំនិតៗរបស់គាត់មាន ជំនាញខាងស៊ីលុយពីក្រុម ឈ្មួញស្ងាត់ៗមិន ខ្វល់ខ្វាយពីការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនោះ ទេដែល ក្នុងមួយខែៗរាប់សិបលានរៀលយកទៅចែកគ្នាដាក់ហោប៉ៅផ្ទាល់ខ្លួនយ៉ាងរំ ភើយ ។ សេចក្តីរាយការណ៍ដោយឡែកបានអោយដឹងថា នៅលើផ្ទៃសមុទ្ររបស់កម្ពុជា ចាប់ពីខេត្តកំពត កោះកុង និងខេត្តព្រះសីហនុ គឺមានបទល្មើសគ្រប់ប្រភេទដូចជាទូកដឹកជញ្ជូនឈើគ្រញូងចេញពី ខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេងនាំយកទៅលក់នៅស្រុកយួន ប្រព្រឹត្តដោយឈ្មួញធំៗ។ ដោយឡែក មានទូកដឹកជញ្ជូនប្រេងសាំងគេចពន្ធ រួមទាំងប្រេងម៉ាស៊ូត មកពីស្រុកសៀម ចូលខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ មួយថ្ងៃៗចំណុះរាប់សិបតោន គេមិនដែលឃើញក្រុមបង្ក្រាបបទល្មើសលើផ្ទៃសមុទ្ររបស់លោក តេង សួន យកចិត្តទុកដាក់គិតគូរបង្ការបង្ក្រាបទប់ស្កាត់បទល្មើសទាំងនេះទេ។
ប្រភពពីមន្ត្រីនគរបាលដដែលបានបន្តឱ្យដឹងថា គ្រាន់តែការចំណាយ លុយបេសកកម្មសម្រាប់ក្រុមបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នេះក្នុងមួយ ខែ ៗរាប់សិបលានរៀល តែគ្មានផលប្រយោជន៍អ្វីនោះទេ ដូច្នេះហើយបានជាមន្ត្រីតូចតាចមួយចំនួន បានសំណូមពរឲ្យអគ្គស្នងការនគរបាលជាតិ ប្រកាសរំសាយក្រុមបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនៅខេត្ត កំពតចោលទៅ ប្រសើរជាងដើម្បីសន្សំសំចៃថវិកាជាតិ ព្រោះថវិកានោះប្រៀបបានជាការជួយចេញការចាយវាយឲ្យលោកតេង សួនក្នុងពេលចេញប្រព្រឹត្តអំពើពួករលួយលើដែនសមុទ្រតែប៉ុណ្ណោះ។ ប្រភពដដែលបានបន្តថា តាំងពីលោកតេង សួន ក្លាយជាមេបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ កាលណាមក គេឃើញមានការបង្ក្រាបក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញគេច ពន្ធម្តងម្កាលដែរ ប៉ុន្តែមិនធំដុំទេ ហើយយូរៗធ្វើម្តងគ្រាន់ឲ្យអ្នកកាសែតជួយ ផ្សព្វផ្សាយពីស្នាដៃ ល្អ ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួនកុំឲ្យថ្នាក់លើដឹងព្រោះអាចជ្រុះ ស័ក្តិពីស្មាប៉ុណ្ណោះ។
ប្រភពបានបន្តទៀតថា ទូកដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់មកពីស្រុក យួន និងស្រុកសៀមរបស់ក្រុមឈ្មួញទាំងធំទាំងតូច ជាពិសេសទូកដឹកទំនិញមកពីចំណុចខ្លងស៊ុន នៃស្រុកសៀម មកលើកដាក់ទំនិញនៅចំណុចផែស្រែអំបិល ផែកែវផុស សុទ្ធតែមានទំនាក់ទំនងបង់លុយឲ្យលោក តេង សួន ជាប់ជាប្រចាំទើបមិនដែលមាននរណាហ៊ានប៉ះពាល់។ សម្រាប់ទូកនេសាទរបស់ សៀម និងយួន ដែលបានចូលមកនេសាទដោយប្រើប្រាស់ឧប ករណ៍នេសាទល្មើសច្បាប់ក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យនោះ ត្រូវបានមន្ត្រីខ្លះបង្ហើបឲ្យដឹងថា ទូកនេ សាទ របស់សៀម យួន មួយទូកៗត្រូវបង់លុយឲ្យលោក តេង សួន មិនតិចជាង ១០ម៉ឺនបាតនោះទេក្នុងមួយខែៗទើបគ្មានការបង្ក្រាប។ បើរួមបញ្ចូលទាំងទូក និងសាឡង់ ដែលដឹកជញ្ជូនឈើគ្រញូងយកទៅលក់នៅស្រុកយួនរបស់ឈ្មួញធំៗមួយចំនួនក៏ ក្រុមឈ្មួញបានបង់លុយឲ្យក្រុមបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រមិនតិច ដែរ ទើបអ្វីៗអាចដំណើរការដោយរលូន។ លោក តេង សួន កាសែតអរិយធម៌មិនអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំការអធិប្បាយពាក់ព័ន្ធ ការចោទប្រកាន់ ដូចខាងលើនេះបានទេកាលពីរសៀលថ្ងៃទី៦ មករា ឆ្នាំ២០១៤ ម្សិលមិញនេះ៕ សហការី