កោះកុង ៖ ប្រជាពលរដ្ឋ មួយគ្រួសារបាន ធ្វើដំណើរពីខេត្ដព្រះវិហារ ដើម្បីមកធ្វើទេសចរណ៍ នៅខេត្ដកោះកុង ដល់ពេលវិលត្រឡប់ទៅវិញ ក៏ចូលទៅអាហារដ្ឋាន មួយ ដើម្បីទិញផ្លែដូងហូប ដល់ពេលទិញដូងបានហើយ ឡើងទៅលើរថយន្ដរបស់ខ្លួន ដើម្បីចេញដំណើរ ស្រាប់តែបាត់កាបូបធ្វើឱ្យ មានការឆោឡោឡើង ដោយនៅក្នុងកាបូបនោះ មានប្រាក់ដុល្លារចំនួន១២៥០០ដុល្លារ កងដៃពេជ្រចំនួន៣វង់ ចិញ្ចៀនពេជ្រចំនួន ១វង់ ទូរស័ព្ទដៃចំនួន ២គ្រឿង ។
ម្ចាស់កាបូបបានស្រែកយំយ៉ាងខ្លាំងដោយស្ដាយ របស់ដែលជាញើសឈាម ខំរកជាយូណាស់មកនោះ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅអាហារដ្ឋានមួយ យីហោ សាយងៀម ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង ។ ជនរងគ្រោះជាម្ចាស់ទ្រព្យមាន ឈ្មោះ ឈៀង ស៊ីណាត ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅខេត្ដព្រះវិហារ ។
លោក ស៊ុន ឃៀម អធិការនគរបាល ស្រុកកោះកុង បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី៥ ខែមករា ថា ដោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះពីបញ្ហាបាត់របស់ ដែលមានទឹកប្រាក់ជាច្រើន លោកក៏បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយចាប់ផ្ដើមរុករក នៅជុំវិញអាហារដ្ឋាននេះ ហើយលោកធ្វើការស៊ើបសង្កេត ទៅតាមជំនាញ ក្រោមបទបញ្ជាពីលោកស្នងការ ដើម្បីស្វែងរកទ្រព្យ សម្បត្ដិរបស់ជនរងគ្រោះ ឱ្យឃើញរួច ប្រគល់ទៅឱ្យគាត់វិញ ។
លោកអធិការបានបន្ដថា ដោយមានការខិតខំប្រឹងប្រែង របស់សមត្ថកិច្ច នៅវេលាម៉ោង ១និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ច បានរកឃើញកាបូបនោះ ស្ថិតនៅក្រោមផ្ទះនេះ ហើយទ្រព្យសម្បត្តិជនរងគ្រោះ នៅគ្រប់ទាំងអស់ ដោយពុំមានបាត់អ្វីនោះទេ ។ លោកបានបញ្ជាក់ថា ក្រោយពីឆែកឆេរនៅក្នុងកាបូបឃើញទ្រព្យ គ្រប់ចំនួន ហើយ លោកបានប្រគល់ជូនទៅឱ្យម្ដាយបង្កើតជនរងគ្រោះវិញ ពីព្រោះម្ចាស់ទ្រព្យ ទន់ដៃជើងនិងអស់កម្លាំង។ ក្រុមគ្រួសារម្ចាស់កាបូបមិននឹកស្មានថា សមត្ថកិច្ច រកឃើញរហ័សបែបនេះទេ ។
ប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងថា កន្លងមកលោកអធិការ បានបង្ក្រាបបទល្មើស ជាច្រើនករណី ក្រោយពេលទទួលព័ត៌មាន ពីប្រជាពលរដ្ឋទោះ យប់ ឬថ្ងៃ គឺលោកចុះជួយអន្ដរាគមន៍ទាន់ពេល វេលាជានិច្ច ដោយមិនគិតពីការលំបាកឡើយ ហើយមិនឱ្យជនល្មើសរត់រួចឡើយ៕ ដោយ៖ ព្រហ្ម វិលៀម
» ព័ត៌មានជាតិ » បាត់លុយ១២០០០ដុល្លារកងដៃពេជ្រចិញ្ចៀនពេជ្រ ១ម៉ោងក្រោយរកឃើញវិញ