ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០ ១៤ បានចេញដីកាកោះអញ្ជើញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា អនុប្រធាន ឲ្យចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ខាង មុខ វេលាម៉ោង១០ព្រឹក ដើម្បីសាកសួរពីដំណើររឿង «ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមាន ភាពហ្វឹកវរធ្ងន់ ធ្ងរដល់សន្តិសុខសង្គម»។
រហូតមកដល់វេលាយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នេះ មិនទាន់មានប្រតិកម្មណាមួយ ពីមេដឹកនាំទាំងពីរ នៃ គណបក្សសង្គ្រោះជាតិនៅឡើយទេ។ ទន្ទឹមនឹងនោះ សេចក្តីរាយការណ៍ពីណបក្សសង្គ្រោះជាតិ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយដែរ រហូតដល់ម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី០៤ ខែ មករា បើទោះបីមានចចាមអារ៉ាម បានចេញទៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃសៅរ៍ ទី០៤ មករា នេះ។
យោងតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងលក្ខណ្ឌសុំមិន បញ្ចេញឈ្មោះ បានឲ្យដឹងថា គ្រប់ជើងហោះហើរទៅកាន់ប្រទេសក្រៅនៅថ្ងៃអាទិត្យ ទី០៥ ខែមករា ពុំមានឈ្មោះ លោក សម រង្ស៊ី និងលោក កឹម សុខា ស្ថិតនៅក្នុងជើងហោះហើរទាំងនោះទេ។
សូមបញ្ជាក់ថា ការចេញដីកាកោះរបស់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០១៤ ដែល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបទទួលបាន ដែលកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីរចូលទៅបំភ្លឺនៅ តុលាការនេះ បន្ទាប់ពីមេដឹកនាំទាំងពីរ និងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សមួយនេះ បានអំពាវនាវឲ្យកម្មករ កម្មការិនី ចូលរួមធ្វើបាតុកម្ម ដោយថែមទាំងឲ្យក្រុមគ្រួសាររបស់ពួកចូលរួមទាមទារប្រាក់ខែគោល ១៦០ដុល្លារថែមទៀត ផង។
ដោយឡែកនៅឯនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង លោក សម រង្ស៊ី បានចូលទៅក្នុងរោងចក្រ ដោយខុសច្បាប់បោយដៃហៅកម្មករ កម្មការិនី ឲ្យចូលរួមធ្វើបាតុកម្ម។ ក៏ប៉ុន្តែកម្មករភាគច្រើនលើសលុបគ្រាន់តែ ឈរមើល និងមិនស្តាប់តាមការបោយដៃហៅ និងដាក់មេក្រូនិយាយពីសំណាក់លោកសម រង្ស៊ី នោះទេ៕