ពោធិ៍សាត់ ៖ កម្លាំងនគរបាល របស់លោក បានឃាត់ខ្លួនជនសង្ស័យទាំង៤ នាក់ រឹបអូសរថយន្ដ ១គ្រឿង កាលពីវេលា ម៉ោង ២រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ ជាង ១០នាក់ ថា ពួកគេ ទាំង ៤នាក់ បានដើរគំរាមយកលុយចំពោះ ការដឹកជញ្ជូន និងដឹកទំនិញផ្សេងៗ ។
កម្លាំងនគរបាល ស្រុក វាលវែង ខេត្ដពោធិ៍សាត់ បានឃាត់ខ្លួនជន សង្ស័យ ៤នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ជាចាងហ្វាងកាសែត ជ័យជំនះ ៧មករា ជា នាយកអង្គការការពារបរិស្ថាន ការិយាល័យ កណ្ដាល រាជធានីភ្នំពេញ និងជាអ្នក ឆ្លើយឆ្លងព័ត៌មានឱ្យទូរទស្សន៍ ក្នុងស្រុកមួយ ពីបទ ដើរគំរាមយកលុយពី ប្រជាពលរដ្ឋ រកស៊ីដឹកអុស និងដឹកទំនិញ ផ្សេងៗ នៅក្នុងទឹកដីស្រុកវាលវែង ។
ក្រោយការឃាត់ខ្លួនរួចមក កម្លាំងសមត្ថ កិច្ចរបស់លោក បានរកឃើញកាតសម្គាល់ ខ្លួន នៅលើឈ្មោះមេខ្លោង ឈ្មោះ ហង្ស ប៊ុនធឿន អាយុ ៥៣ឆ្នាំ ជាចាងហ្វាង កាសែត ជ័យជំនះ ៧ មករា នាយកអង្គការ ការពារបរិស្ថាន ការិយាល័យកណ្ដាលរាជ ធានីភ្នំពេញ និងជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យ ទូរទស្សន៍ក្នុងស្រុកមួយ ។
ជនសង្ស័យ ៣នាក់ផ្សេងទៀត ដែលជាបក្ខពួក របស់ឈ្មោះ ហង្ស ប៊ុនធឿន រួមមាន ទី១ ឈ្មោះ សូរ វុទ្ធី អាយុ ៤៧ឆ្នាំ ទី២ ឈ្មោះ បឹង ប៉ូច អាយុ ៤៧ឆ្នាំ និងទី៣ ឈ្មោះ ស៊ុន ហុងដា អាយុ ៣៣ឆ្នាំ ។
ជនសង្ស័យទាំង ៤នាក់ ត្រូវបានចាប់ខ្លួន ពីបទ កំហែងយក តាមមាត្រា ៣៦៣ ហើយជនសង្ស័យទាំងនេះនឹងត្រូវបញ្ជូន ទៅកាន់តុលាការ នៅរសៀលថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៤ ក្រោយពេលបញ្ចប់ សំណុំរឿងរួចរាល់ហើយនោះ ។
ប្រជាពលរដ្ឋដែលជាជនរងគ្រោះជាង ១០នាក់ បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចរបស់ លោក ដោយចោទជនទាំង ៤នាក់ ជំរិតទារ ប្រាក់ពីពួកគាត់ដឹកអុស ធ្វើផ្ទះ និងទំនិញ ផ្សេងៗ ១រទេះ ១០០ដុល្លារ ហើយចរចា មកនៅត្រឹម ១០ម៉ឺនរៀល ។
ជនសង្ស័យ ហង្ស ប៊ុនធឿន ត្រូវបាន សមត្ថកិច្ចប្រាប់ថា ជាអតីតនាយនគរបាល ប៉ុស្ដិ៍ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ៕