កែប៖ រថយន្តខ្នាតយក្សប្រភេទសណ្តោងមួយគ្រឿងបានក្រឡាប់៤ទៅ៥ត្រឡប់ត្រង់ចំណុចផ្លូវកោង ដោយគ្រោះថ្នាក់ខាងលើ គេសង្ស័យអាចបណ្តាលមកពីអ្នកបើកបរជាន់ហ្វ្រាំងទាំងបង្ខំ ទើបធ្វើឲ្យរថយន្តងាយក្រឡាប់យ៉ាងស្រួលបែបនេះ។
ហេតុការណ៍គួរឲ្យញាក់សាច់នេះមិនបានបណ្តាលឲ្យអ្នកជិះក្នុងរថយន្តស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែតែកុងរងរបួសធ្ងន់និងព្រូឡានរបួសស្រាលប៉ុណ្ណោះ ដោយគ្រោះថ្នាក់នេះបានកើតឡើងត្រង់ចំណុចផ្លូវជាតិលេខ៣៣ស្ថិតក្នុងភូមិអូក្រសារ សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប កាលពីវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២ខែមករា ឆ្នាំ២០១៣។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបហេតុដ៏អាក្រក់គេឃើញរថយន្តខ្នាតយក្សមួយគ្រឿងមានសណ្តោងកន្ទុយពីក្រោយបានបោះពួយយ៉ាងលឿនមកពីកើត ស្រាប់តែមកដល់ចំណុចកើតហេតុជាកន្លែងផ្លូងកោងខ្លាំង ប្រហែលអ្នកបើកបររថយន្តបាត់ម្ចាស់ការទើបជាន់ហ្វ្រាំងយ៉ាងកំហុគ បណ្តាលឲ្យកន្ទុយរឺម៉ករថយន្តក្រឡាប់ទើបបន្តទាញតួរថយន្តផ្នែកខាងមុខក្រឡាប់បន្ថែមទៀត ដោយបានបង្វិលក្រឡាប់ប្រហែល៤ទៅ៥ត្រឡប់ទើបឈប់ស្ងៀម។ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះពួកគាត់ស្មានថាអ្នកជិះក្នុងរថយន្តស្លាប់អស់ទៅហើយដឹងអីក៏ឃើញលូនចេញមកក្រៅទាំងឈាមជោកខ្លួន។
ទាក់ទិននឹងករណីគ្រោះថ្នាក់ខាងលើប៉ូលិសចរាចរខេត្តកែបបានបញ្ជាក់ថា អាចផ្តើមដោយសារអ្នកបើកបរងងុយដេក ហើយមកដល់ចំណុចផ្លូវកោងប្រហែលបួលចង្កូតមិនទាន់ទើបចាប់ហ្វ្រាំងទាំងបង្ខំបណ្តាលឲ្យរឺម៉កសណ្តោងពីក្រោយរុញបុកគូទរថយន្តទាំងកំរោលធ្វើឲ្យរឺម៉កក្រោយរួចទាញតួរថយន្តខាងមុខក្រឡាប់៤-៥ត្រឡប់តែម្តង។ ប៉ូលិសបានឲ្យដឹងទៀតថា រថយន្តសណ្តោយពាក់ស្លាកលេខ ភ្នំពេញ3B-9784អ្នកបើកបរនិងព្រូមិនព្រមប្រាប់ឈ្មោះនិងទីលំនៅឡើយ ទើបខាងប៉ូលិសចុះមកអន្តរាគមន៍ដើម្បីសម្រួលចរាចររង់ចាំក្រុមហ៊ុនមកទទួលយករថយន្តបង្កខ្លួនឯងនេះទៅជួសជុល៕ គង់ សម្បតិ្ត
» ព័ត៌មានជាតិ » ឡានក្រឡាប់៤-៥ត្រឡប់ សង្ស័យអ្នកបើកបរចាប់ហ្វ្រាំងបង្ខំត្រង់ចំណុចផ្លូងកោង