ប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានពីតំបន់ប៉ោយប៉ែតបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានភ្ញៀវទេសចរណ៍ ចម្រុះជាតិសាសន៍ ក្នុងមួយថ្ងៃៗរាប់ពាន់នាក់ចេញ ចូលឆ្លងដែន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកទស្សនាប្រទេសកម្ពុជា។គេឃើញមានសមត្ថកិច្ចប៉ូលិសជំនាញពីរស្ថាប័នដែលឈរជើងនៅចំណុចរង្វង់មូលច្រកប៉ោយប៉ែត កំពុងតែផ្អែមមាត់ផ្អែម ក ក្នុងការប្រមូលលុយចូលហោប៉ៅ។
សមត្ថកិច្ចពីរស្ថាប័ននេះមាន ដូចជាទីមួយ ប៉ូលិសសណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត និងទីពីរប៉ូលិសទេសចរណ៍ខេត្តបន្ទាយមានជ័យ កំពុងតែកាក់កបក្នុងការគាបសង្កត់ភ្ញៀវទេសចរណ៍ យកលុយដាក់ហោប៉ៅ ជារៀងរាល់ថ្ងៃ យកទៅធ្វើមានធ្វើបាន ដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនដោយគ្មានការអៀនខ្មាសឡើយ។
ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិដែលចូលមកទស្សនានៅក្នុង ប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែតតាមរយៈ ក្រុមហ៊ុនសមាគមន៍ទេសចរ ដោយមានរថយន្តមក ចាំទទួលដឹកភ្ញៀវនៅចំណុចមាត់ច្រកទ្វារតែម្តង។ ចំពោះភ្ញៀវខ្លះ ពួកគេមិនចង់ជិះរថយន្តរបស់ក្រុមហ៊ុនទេ តែបើភ្ញៀវចង់មកជិះរថយន្ត តាក់ស៊ីវិញនោះ គឺច្បាស់ជា ចូលស៊ុបពើ របស់ក្រុមអ្នកអ្នកជ្រែភ្ញៀវ(ហៅថាហ៊ីវ) និងក្រុមសមត្ថកិច្ចប៉ូលិស ជំនាញទាំងពីរស្ថាប័នប្រចាំនៅទីនោះ ជញ្ជក់មាត់តែម្តង ដោយពួកគេ កៀងភ្ញៀវទេសចរណ៍ យ៉ាងរញ៉េរញ៉ៃ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ថែម យ៉ាងខ្លាំង ។
លើសពីនេះទៅទៀតនោះ ក្រុមពួកហ៊ីវនិងសមត្ថកិច្ចប៉ូលិស ទាំងនោះបានឃុបឃិតគ្នា បោកប្រាសភ្ញៀវដោយយកតម្លៃថ្លៃរយន្តតាក់ស៊ី ថ្លៃកប់ពពក ខុសតម្លៃធម្មតាតម្លៃពីប៉ោយប៉ែត ទៅខេត្តសៀមរាបចាប់ពី40$រហូតដល់80$ឯណោះ ក្នុងរថយន្តមួយគ្រឿង ដោយតម្លៃពិតប្រាកដ ពួកគេឲ្យមកម្ចាស់រថយន្ត តាក់ស៊ី តែ20$ទៅ25$ តែប៉ុណ្ណោះ ។
ក្រុមអ្នករត់តាក់ស៊ីបានប្រាប់ថា ក្រៅតែពីយកចំណេញលើ ក្បាលរថយន្ត សមត្ថកិច្ចនៅមកឆ្លៀត គាបសង្កត់យកលុយថ្លៃ ក្បាលឡាន តាក់ស៊ីក្នុងមួយគ្រឿង៥ពាន់រៀលបង់ឲ្យសមត្ថកិច្ចប៉ូលិសចរាចរ និងពីរម៉ឺនរៀលទៀតសំរាប់បង់ឲ្យសមត្ថកិច្ចជំនាញផ្នែកខាងគ្រប់គ្រងភ្ញៀវទេសចរណ៍ថែមទៀតផង ។
ទង្វើល្មើសច្បាប់ ដែលប្រព្រឹត្តដោយ ក្រុមសមត្ថកិច្ចជំនាញទាំងពីរស្ថាប័ន ខាងលើកំពុងតែផ្គើន ស្ថានប័នប្រឆាំងអំពើពុករលួយ របស់លោក ឱម យិនទៀង ដែលផ្ទុយនិងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅថ្មីរបស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕ ដោយ ខៀវ បូរី