ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ និង មនុស្សចំនួន ២នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ស្រាល ខណៈពួកគេជិះម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២០ និង ៥០ នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានយុវជនពីរនាក់ បានជិះ ម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ស៊េរី ២០១៣ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1BS-4645 ជិះឌុបគ្នា ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានជិះយ៉ាងលឿនបញ្ច្រាសផ្លូវឯកទិស បង្កឲ្យជ្រុលល្បឿនទៅបុកស្ត្រីមានផ្ទៃពោះម្នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-4011 បញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឲ្យស្ត្រីរូបនោះត្រូវដួលរងរបួសធ្ងន់ធ្ងរ និងយុវជនម្នាក់ ក៏ត្រូវរងរបួសធ្ងន់ធ្ងរដែរ ហើយយុវជនម្នាក់ទៀតរបួសស្រាល ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវខូចខាតទាំងពីរ។
បន្ទាប់ពីកើតហេតុអ្នករងរបួសទាំងបីនាក់ ត្រូវរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ ចំណែកម៉ូតូរបស់ពួកគេត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរខណ្ឌមានជ័យ ចុះមកអន្តរាគមន៍វាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយ នាពេលក្រោយ ។ គ្រោះថ្នាក់នេះគឺ បង្កឡើងដោយសារម្ចាស់ម៉ូតូឃ្លីកបើកលឿនបញ្ច្រាសផ្លូវគេទើបបង្កឲ្យមានហេតុការណ៍ចរាចរណ៍នេះកើតឡើងរបួសមនុស្សធ្ងន់ស្រាលបែបនេះ ៕ដោយ៖ បញ្ញា