ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ សហជីពទាំង៦បានដឹកនាំកម្មករ កម្មការិនី ជាច្រើននាក់ បន្ដធ្វើការតវ៉ាទាមទារ ដំឡើងប្រាក់ឈ្នួលជាថ្ងៃទី២រហូតដល់ ឈានបិទផ្លូវសហព័ន្ធរុស្ស៊ី បណ្ដាលឱ្យ កកស្ទះចរាចរណ៍ ។
ក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញលិខិត លេខ២១០១បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៣ ដោយលោករដ្ឋមន្ដ្រី អ៊ិត សំហេង បានព្រមានទៅលើសហជីពចំនួន៥ ក្នុង នោះឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ញុះញង់ធ្វើបាតុកម្ម ។
លោក អ៊ិត សំហេង បានបញ្ជាក់ថា ១-លោក អាត់ ធន់ ប្រធានសហព័ន្ធសហ ជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា, ២-លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធ សហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ កាត់ដេរកម្ពុជា, ៣-លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ, ៤-លោក ជា មុនី ប្រធានសហជីពសេរី កម្មករនៃព្រះរាជាណាចក្រកម្ពុជា និង៥- លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហ ព័ន្ធសហជីពកម្ពុជា ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពញុះញង់ធ្វើបាតុកម្ម ។ ដោយលោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ចាប់ តាំងពីខែធ្នូ ឆ្នាំ២០១៣មកដល់ពេលនេះ លោក-លោកស្រីបាននិងកំពុងញុះញង់ ដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងសេចក្ដី សម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ៕