ឧត្ដរមានជ័យ ៖ តាម សេចក្ដីរាយការណ៍បានឱ្យដឹងដែរ ថា មានក្រុមឈ្មួញតូចធំបានរង់ចាំនៅ តំបន់នោះដើម្បីរង់ចាំទិញឈើគ្រញូងពី អ្នកឆ្លងដែនខុសច្បាប់ចាំទិញជាហូរហែ ។
សកម្មភាពប្រជាពលរដ្ឋទៅរកឈើគ្រញូងឆ្លងដែន ខុសច្បាប់នៅតែមានហូរហែរៀងរាល់ថ្ងៃបើទោះបីជាត្រូវគេបាញ់ឬចាប់ ដាក់គុកយ៉ាងណាក៏ដោយ ។
បញ្ហានេះ ក៏គ្មានសមត្ថកិច្ចឬអាជ្ញាធរទប់ស្កាត់និងហាមឃាត់ដែរមានតែយក រថយន្ដជួយដឹកកម្លាំងចុះឡើងជំរុញឱ្យ ឡើងភ្នំថែមទៀតផង ។ ជាពិសេសកង កម្លាំងខ្លះដែលនៅឈរជើងតាមចំណុច ដែលប្រជាពលរដ្ឋឆ្លងកាត់មិនត្រូវបានហាមឃាត់ដោយគេសង្ស័យថា ព្រោះតែទទួលលុយពីអ្នកទៅរកកាប់ឈើទាំងនេះ ។ មិនថាប្រជាពលរដ្ឋក្នុងស្រុកទេ គឺមានទាំងពលរដ្ឋមកពីខេត្ដផ្សេងៗទៀតក៏បានឆ្លងដែនទៅរកឈើ គ្រញូងដោយខុសច្បាប់ នៅតំបន់ខេត្ដឧត្ដរមានជ័យនេះដែរ ។
ប្រជាពលរដ្ឋដែលមិននិយមប្រកប មុខរបរគ្រោះថ្នាក់ដោយជីវិតទៅប្ដូរនេះ បានអះអាងថា ឈើដែលក្រុមឈ្មួញចាំ ទិញគឺមានទាំងឈ្មួញតូច និងឈ្មួញធំ មើលទៅដូចហែកឋិន តែមិនត្រូវបានរា រាំងដោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ មួយចំនួននៅទីនោះទេ ។ ការដែលពុំមាន សមត្ថកិច្ច និងអាជ្ញាធររារាំង ព្រោះតែ មន្ដ្រីមួយចំនួននាំគ្នាទទួលសំណូកជា ថ្នូរនឹងការអនុញ្ញាតឱ្យឡើងភ្នំឆ្លងដែន ចូលទៅប្រទេសជិតខាងដើម្បីផ្សងព្រេង កាប់ឈើគ្រញូង បើទោះជាត្រូវទាហាន របស់ប្រទេសគេបាញ់ស្លាប់ និងខ្លះទៀត ត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកក៏ដោយ ៕