ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ខណៈរូបគេជិះម៉ូតូ មួយគ្រឿងម៉ាកវីវ៉ា ក្នុងល្បឿនលឿន ចេញពីក្លឹបរាំកម្សាន្ត ក្នុងបំណងត្រឡប់ទៅផ្ទះ បានជ្រុលទៅបុកគំនរដីខ្សាច់ ដួលបោកក្បាល កាលពីវេលាម៉ោង ២១ និង ៤០ នាទីយប់ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចសួន កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបុរសដែលស្លាប់ក្នុងគ្រោះថ្នាក់ខាងលើនេះមានឈ្មោះ សាន បូរិន អាយុ ២៣ ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ស្រុកកំណើតនៅខេត្តកំពង់ចាម បានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1B-4027 ។ ប្រភពដដែលបានបន្តថាមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីក្លឹបរាំកម្សាន្ត ដោយរូបគេស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួនតែម្តង នឹងបានជិះម៉ូតលឿន ចូលតាមផ្លូវសួនកាណាឌីយ៉ា ខណៈនោះក៏ស្រាប់រេចង្កូតបុកចំគំនរដីខ្សាច់ដែលគេគទុកជិតសួនច្បារ បណ្តាលឲ្យបុរសរងគ្រោះដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែកម៉ូតូក៏ត្រូវរងនៅការខូចខាតផងដែរ ។
សមត្ថកិច្ចបានបញ្ចាក់ថាក្រោយពីកើតហេតុសាកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារឲ្យមកទទួលដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតនាឯខេត្តកំពង់ចាម រីឯម៉ូតូវិញនោះក៏បានប្រគល់ឲ្យសាច់ញាតិសពបុរសរងគ្រោះដែរ។ គួរបញ្ជាក់ថា គ្រោះថ្នាក់នេះគឺបង្កឡើងដោយសារបុរសឈ្មោះ សាន បូរិន ស្រវឹងស្រា នឹងជិះម៉ូតូលឿនពេក ទើបបណ្តាលឲ្យបាត់បង់ស្មារតីជ្រុលបុកគំនរដីខ្សាច់ដួលរហូតឈានដល់ការបោកក្បាល ស្លាប់ភ្លាមៗតែម្តងទៅ ៕ ដោយ៖ បញ្ញា