ភ្នំពេញ ៖ តារាចម្រៀងសម័យសាច់សខ្ចីដូចបណ្តូលចេក និងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី ដែលមួយរយៈពេលនេះកំពុងតែទទួលបានប្រជាប្រិយភាពឡើងវិញជាបណ្តើរៗ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈចុងក្រោយនេះ ។ បន្ទាប់ពីមានពាក្យចចាមអារាមថា នាងមានផ្ទៃពោះរួចមក កញ្ញា សុខ ពិសី បានចេញមុខបកស្រាយ និងឡើងឆាកតន្ត្រីវិញជាធម្មតា ។
បើតាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបានប្រាប់កាសែតអរិយធម៌ថា តារាចម្រៀងសាច់ទ្រឡុកទ្រលន់សខ្ចីដូចបណ្តូលចេក និងមានសំឡេងពីរោះក្រអួនក្រអៅ កញ្ញា សុខ ពិសី ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងក្រាស់ក្រែល ហើយប្រហែលជាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយអ្នក គ្រប់គ្រងក្នុងទ្រនំដែលខ្លួនកំពុងតែជ្រកសព្វថ្ងៃ ។ ព្រោះតាមពេលកន្លងមកថ្មីៗនេះ តារាចម្រៀងស្រីជួរមុខ ក្នុងផលិតកម្មសាន់ដេ កញ្ញា សុខពិសី ត្រូវបានទស្សនិកជនភ្ញាក់ផ្អើលពេលដែលតារាស្រីរូបនេះឡើង ច្រៀងក្នុងការប្រគំតន្ត្រីនៅខេត្តកំពង់ចាមកាលពីពេលកន្លងទៅថ្មីៗនេះ គឺមានបុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងនៅក្នុងផលិតកម្មសាន់ដេ អង្គុយរង់ចាំនាង នៅក្នុងឡានខណៈដែល តារាស្រីរូបនេះ កំពុងតែឈរច្រៀងនៅលើឆាក ។
ប្រភពដដែលបានឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងសាច់ខ្ចីរូបឧស្សាហ៍ទៅណាមកណាជាមួយអ្នកគ្រប់គ្រងរូបនេះណាស់ និងមានភាពស្និទ្ធស្នាលនឹងគ្នាខុសប្លែកពីធម្មតា ។
យ៉ាងណាក៏ដោយទាក់ទាងនឹងព័ត៌មានខាងលើនេះកាសែតអរិយធម៌មិនអាចសុំការបកស្រាយបានទេ ដោយសារតែលេខទូរស័ព្ទដែល កញ្ញា សុខ ពិសី ធ្លាប់ប្រើមិនអាចទាក់ទងបាន ដូច្នេះយើងមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺណាមួយពីរឿងនេះពី កញ្ញា សុខ ពិសី បានទេ តែកាសែតអរិយធម៌រីករាយនឹងរង់ចាំទទួលការបកស្រាយរឿងនេះពី កញ្ញា សុខ ពិសី ជានិច្ច ។
ប៉ុន្តែទោះបីជាមានរឿងស្នេហាកើតបែបនេះឡើងមែននោះ វាប្រាកដណាស់មិនមានអ្វីចំឡែកនោះទេ ព្រោះអ្នកគ្រប់គ្រងរូបនោះ មិនមែនជារបស់ដែលមានម្ចាស់គ្រប់គ្រងរួចហើយនោះទេ អ្នកគ្រប់គ្រងរូបនោះ ជាកំលោះរូបសង្ហារនិងមានកិត្តយស ដែលអាចឲ្យតារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេក កញ្ញា សុខ ពិសី អាចពិចារណាបាន ៕