បន្ទាយមានជ័យៈ ស្ត្រីខ្មែរម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវមេបនល្បែងថៃ បាបវាយធ្វើបាបបង្ខាំង សម្រាតខោអាវ នៅក្រុង បាងកក ប្រទេសថៃ ហើយត្រូវបានអាជ្ញាធរកម្ពុជា ជួយសង្គ្រោះនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៣នេះ បានមកដាក់ពាក្យប្តឹងនៅតុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី២៦ ខែ ធ្នូ ដោយបានទារជម្ងឺចិត្តចំនួន ១០ លានបាត និងប្តឹងមេបនល្បែងជាជនជាតិថៃ ចំនួន៣នាក់ ១ឈ្មោះភី ទី. ២ឈ្មោះភី អាង និងទី៣ឈ្មោះភី អួន ។លោក ស៊ុំ ចន្ទគា ប្រធាន សមាគមការពារ សិទ្ធិមនុស្ស អាដហុក ខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ និងបានបញ្ជូនបន្តទៅសាលាដំបូង ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃ ទី២៦ ធ្នូ ដោយប្តឹងមេបនល្បែងថៃ ៣នាក់ ពីបទ ហិង្សា និងបង្ឃាំងមនុស្ស ដោយខុសច្បាប់ សម្រាតខោអាវ ដែលនាំឲ្យជនរងគ្រោះបាត់បង់សេចក្តី ថ្លៃថ្នូរ។
លោកបន្តឲ្យដឹងទៀតថា ពាក្យបណ្តឹងនេះ ខាងតុលាការខេត្តបន្ទាយមានជ័យ នឹងធ្វើការស៊ើបអង្កេតតាមផ្លូវច្បាប់ ដោយសហការជាមួយតុលាការ ប្រទេស ថៃ តាមនីតិវិធីដែលអាចធ្វើទៅបាន។ ជាមួយគ្នាដែរស្ត្រីរងគ្រោះក៏បានដាក់ពាក្យប្តឹងតាមរយៈក្រសួង ការបរទេសកម្ពុជាហើយនិងស្ថានទូតខ្មែរ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជំរុញឲ្យរដ្ឋាភិបាលថៃ អនុវត្តតាមសំណើររបស់ជនរងគ្រោះ។
លោក ស៊ុំ ចន្ទគា បានបញ្ជាក់ឲ្យដឹងទៀតថា ខាងតុលាការខេត្ត ដែលជាខេត្តជាប់ព្រំដែន កម្ពុជា ថៃ កន្លងមក ធ្លាប់ធ្វើការដោះដូរ អ្នកទោសគ្នា ព្រោះគេមានបត្យាប័ន ទៅវិញទៅមកជាមិត្តភាព នៃប្រទេសទាំងពីរ ។ ដោយឡែកចំពោះមេបនល្បែងជាជនជាតិថៃ ៣នាក់ ដែលស្ត្រីរងគ្រោះប្តឹងមានឈ្មោះភីអួន. ភីទី. និងឈ្មោះភីអាង។ក្នុងពាក្យបណ្តឹងស្ត្រីរងគ្រោះទារសំណងជំងឺចិត្តចំនួន១០លានបាត។
លោកបញ្ជាក់ថា បណ្តឹងនេះចោទប្រកាន់ពីបទ រំលោភបំពានលើសេចក្តីថ្លៃថ្នូរ បុគ្គលនិងសេចក្តីថ្លែងការណ៍ស្តីពី សិទ្ធិកែទម្រង់នារីភេទជាសកល ខណៈដែលប្រទេសថៃ ក៏ជាហត្ថលេខីលើសេចក្តីថ្លែងការណ៍ ជាសកលនេះដែរ។
អ្នកស្រី គា សុផល មេធាវី អាដហុក ដែលការពារក្តីឲ្យស្ត្រីរងគ្រោះបញ្ជាក់ថា កូនក្តីបានមកពឹងពាក់គាត់ឲ្យការពារក្តីនេះ ប៉ុន្តែតុលាការខេត្ត បន្ទាយមានជ័យ នៅមិនទាន់ដំណើរការស៊ើបសួរទេ។ អ្នកស្រីប្រាប់ថា យើងធ្លាប់ការពារក្តីឲ្យកម្មការិនី ដែលគេធ្វើបាបនៅ ម៉ាឡេស៊ី ឈ្នះម្តងហើយ ប៉ុន្តែករណីនេះចាំមើលដំណើរការសិន។
នៅក្នុងពាក្យប្តឹងស្ត្រីរងគ្រោះ ចាប ធីតា អាយុ ៣២ឆ្នាំ រៀបរាប់ថា គាត់បានទៅធ្វើការជាអ្នក ចែកបៀ ក្នុងបនល្បែងមួយនៅច្រកផ្លូវ ៦៦ ក្នុងភូមិ រួយរុងរឿង ក្រុង បាងកក ប្រទេស ថៃ ហើយត្រូវមេបន ឲ្យក្រុមអ្នកលេងចាប់នាំចេញពីបន្ទប់ស្នាក់នៅ ទៅឃុំក្នុងបនល្បែង ដោយចោទថា គាត់ឃុបឃិតជាមួយភ្ញៀវមកលេងល្បែង ធ្វើឲ្យមេបនខាតបង់ប្រាក់កាក់ច្រើន ហើយបានចាប់សម្រាតខោអាវគាត់ រួចយកកន្រៃ្តកាត់ខោលីអូ ទះកំផ្លៀងយកដបទឹកសុទ្ធវាយក្បាលតាមតែអំពើចិត្ត និងយកទូរស័ព្ទថតរូបអាក្រាតគាត់ ចែកចាយថែមទៀតផង។
តាមការបំភ្លឺពីស្ត្រីរងគ្រោះបានបន្តថា មេបនល្បែងជាជនជាតិថៃ ទាំង ៣នាក់ បានជំរិតគាត់យកប្រាក់ ១៤៦ ម៉ឺនបាត ហើយគំរាមថា បើមិនព្រមឲ្យគេទេ ពួកគេនឹងកាត់ដៃជើងសម្លាប់ចោល ហើយពួកគេបានវាយបង្ខាំងធ្វើទារុណកម្ម ហើយដកយកលុយដែលខំសន្សំផ្ញើ ក្នុងកុងធនាគារទាំងអស់។ស្ត្រីរងគ្រោះ ចាប ធីតា ត្រូវគេចាប់បង្ខាំងពីថ្ងៃ ទី២៨ ខែ វិច្ឆិកា ដល់ថ្ងៃ ទី៨ ខែ ធ្នូ ទើបត្រូវបាន ខាងអាជ្ញាធរមន្ត្រីទូតកម្ពុជា សហការជាមួយនឹងសមត្ថកិច្ចប៉ូលិសថៃ ជួយរំដោះនិងបញ្ជូន មកវិញតាមច្រកប៉ោយប៉ែត៕ ដោយ ខៀវ បូរី