ប៉ោយប៉ែត៖
រយៈពេល១ខែ មកហើយនៅចំណុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នៅតែបន្តការកក ស្ទះរាល់ថ្ងៃតែម្តង ខណៈដែលមានរថយន្ត តូចៗបំពាក់ធុងហ្គាសចូលទៅ ដឹកទំនិញនិងហ្គាសគេចពន្ធ យ៉ាងអនាធិបតេយ្យ ចំណែកមន្ត្រីជំនាញ បែរជាអង្គុយគងពាក់ខ្លា ធ្វើមិនដឹងយ៉ាងត្រជាក់ចិត្ត។
បញ្ហាខាងលើនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ បើទោះបីជាកន្លងមក អាជ្ញាធរក្រុង ប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចុះមកធ្វើការដោះស្រាយជាច្រើនលើក ច្រើនសាយ៉ាងណាក៏ដោយ ។ភាពអនាធិបតេយ្យ ដែលបង្កឡើងដោយ ក្រុមអ្នករកស៊ីដឹកជញ្ជូនហ្គាសគេចពន្ធឆ្លងកាត់ព្រំដែនក្រោមប្រឡោះជើង មន្ត្រីជំនាញ(គយ) បែបនេះ គេពុំដែលធ្លាប់ ជួបប្រទះទាល់តែសោះ នៅក្នុងភិភពលោក គេឃើញមាន តែច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយគត់។
ដោយសារភាពធូររលុង បែបនេះហើយ ទើបបណ្តាលឲ្យកំណើន នៃការចរាចរ ហ្គាសគេចពន្ធតាមច្រកទ្វារ អន្តរជាតិ កើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំង ។ប្រជាពលរដ្ឋនៅ ក្រុងប៉ោយប៉ែត និងបណ្តាខេត្តផ្សេងៗទៀត រួមទាំងជនជាតិ យួនផងដែរនោះ បាន ផ្អើលបាក់ទឹកបាក់ដី នាំគ្នាទិញរថយន្ត ក្នុងម្នាក់ៗបីបួនគ្រឿង ដោយបំពាក់ ធុងហ្គាស ចូលទៅដឹកហ្គាស ក្នុងស្រុកថៃ យកមកលក់នៅស្រុកខ្មែរ បានដោយសេរី។
គេសង្កេតឃើញនៅ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាពេលបច្ចុប្បន្ននេះ ចាប់ពី ព្រលឹមទល់ព្រលប់ សភាពនៃ ច្រកទ្វារអន្តរជាតិទាំងមូល ពោរពេញទៅដោយរថយន្ត ចម្រុះគ្រប់ម៉ាកគ្រប់ស៊េរី បើកចូល ទឹកដីថៃ ដូចគេដង្ហែកឋិន ។បញ្ហានេះ ធ្វើឲ្យមានភាពកក ស្ទះចរាចរណ៍យ៉ាងខ្លាំងបង្កភាពរំខាន ដល់វិស័យ ទេសចរណ៍ ជាឧស្សាហកម្ម គ្មានផ្សែង ដែលប្រមុខរដ្ឋាភិបាលយកចិត្ត ទុកដាក់បំផុត លើសពីនេះទៅទៀតនោះ បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យ វិនិយោគគិនផ្សេងៗទៀត។ល។
ភ្ញៀវទេសចរ មួយក្រុមបានត្អូញត្អែរ ប្រាប់ថា ពួកគាត់មានការធុញទ្រាន់ ជាខ្លាំងចំពោះការ កក ស្ទះចរាចរណ៍ នៅគ្រាដែលពួកគាត់ ធ្វើដំណើរឆ្លងដែនមក កំសាន្តនៅប្រទេស កម្ពុជា ។ចំណែក ក្រុមហ៊ុន រកស៊ីដឹកជញ្ជូន ទំនិញក៏បានត្អូញត្អែរដែរថា ភាព កកស្ទះចរាចណ៍ បង្កឲ្យមាន ការរាំងស្ទះដល់ទំនិញ នាំចូលផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកជញ្ជូន ផ្សេងៗដែលបើកអាជីវកម្មនាំទំនិញ ចេញ ចូល ប្រទេស កម្ពុជា មានកាតព្វកិច្ច បង់ពន្ឋជូនរដ្ឋ ក្នុងមួយថ្ងៃៗ រាប់រយលានរៀល ក្នុងមួយក្រុមហ៊ុនៗហើយថវិកាទាំងនេះ គឺស្មើនឹង៧០%ភាគរយ យកមកសម្រាប់ទ្រទ្រង់ បើកប្រាក់ខែ មន្ត្រីរាជការ និងសម្រាប់ផ្គត់ផ្គង់ ប្រទេសជាតិទាំងមូលផងដែរ។
ប៉ុន្តែប្រសិនជាច្រកទ្វារអន្តរជាតិ ទាំងមូល ពោរពេញទៅដោយ រថយន្តដឹកហ្គាសគេចពន្ឋ បង្កឲ្យមានភាពកកស្ទះបែបនេះ គ្រប់វិស័យទាំងអស់ ដែលជាប្រភពមិនចេះរីងស្ងួតនៃចំណូល ចូលរដ្ឋនិងបាត់បង់ជាក់ជា មិនខានជាពិសេស វិស័យទេសចរណ៍ តែម្តង។
គួរបញ្ជាក់ផងដែរថា គ្រប់ច្រកទ្វារអន្តរជាតិ ទាំងអស់ទូទាំងពិភពលោកនិងច្រកផ្សេងៗទៀត នៃប្រទេស កម្ពុជា លើកលែងតែច្រកទ្វារប៉ោយប៉ែត រាល់ការឆ្លងដែន ពីប្រទេសមួយទៅ ប្រទេសមួយ ដែលមានមធ្យោបាយ ឆ្លងកាត់ ដូចជាម៉ូតូ រថយន្ត ត្រូវអនុញ្ញាតដោយ មន្ត្រីជំនាញ(គយ) ។
សូម្បីតែច្រកខ្លងលឹកខាងភាគីថៃ ឈមនឹងច្រកប៉ោយប៉ែតនេះ តែម្តង រថយន្តគ្រប់ប្រភេទរបស់ខ្មែរ មុននឹងឆ្លងកាត់ ព្រំដែន ត្រូវឆ្លងកាត់ ការត្រួតពិនិត្យ ពីមន្ត្រីគយថៃ ជាច្រើនដំណាក់កាល គេអាចនិយាយបានថា សូម្បីតែសត្វរុយ មួយសឹងមិនអាចហើររំលង ប៉ុស្តិ៍ត្រួតពិនិត្យ របស់គេបានឡើយ ប្រសិនជាគ្មានការអនុញ្ញាត ពីមន្ត្រីគយថៃ គឺមិនអាចឆ្លងដែន គេបានជាដាចខាត។
ប្រការគួរ ឲ្យសោកស្តាយ មន្ត្រីគយនិងរដ្ឋាករ កម្ពុជាដែលឈរជើង នៅចំនុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ស៊ីប្រាក់ខែរាស្ត្រ បង្ហិនរដ្ឋ ពួកគេមិនដែលចាប់អារម្មណ៍ ចំពោះរថយន្តឆ្លងដែនអ្វីឡើយ ទោះបីជាពួកគេ ដឹងថា រថយន្ត ទាំងនោះចូលទៅដឹកទំនិញគេចពន្ឋ ក៏ដោយក៏អស់លោក គយ បានត្រឹមអង្គុយបើកភ្នែក មើលដូចទីងមោង ។
ភាពគ្មានការទទួលខុសត្រូវ របស់មន្ត្រីគយ បែបនេះ បណ្តាលឲ្យលំហូរនៃ ទំនិញគេចពន្ឋសព្វសារពើ ត្រូវគេរត់ពន្ឋតាម រថយន្តតូចៗតែម្តង ពីព្រោះក្រុមគយ ឆែកឆេរតែក្នុងរទេះ ដឹកជញ្ជូនដោយមនុស្ស តែប៉ុណ្ណោះដោយឡែក ចំពោះរថយន្ត ចូលទៅចាក់ហ្គាស និងបង្កប់ទំនិញ ដឹកចូលមកស្រុកខ្មែរវិញ មិនត្រូវមន្ត្រីគយត្រួតពិនិត្យអ្វីឡើយ គឺអនុញ្ញាតឲ្យដឹកជញ្ជូនបទល្មើស បានដោយFREEតែម្តង យ៉ាងអនាធិបតេយ្យ បំផុតរកពាក្យអ្វី មកថ្លែងពុំបាន។លើសពីនេះ ទៅទៀតនោះ ក្រុមជនទុច្ចរិត បានរត់ពន្ឋរថយន្តស៊េរីទំនើបៗ ដូចឡិចស៊ីស ៥៧០ និងឡង់គ្រីស័រ៥៧០ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារនេះ បានដោយងាយៗ ព្រោះមន្ត្រីគយ នៅទីនោះអសមត្ថភាព មិនអាចគ្រប់គ្រង់យានយន្ត ដែលឆ្លងដែនចេញចូល ប្រទេសកម្ពុជាបានឡើយ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា ក្នុងអំឡុងថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះថ្មីនេះ មានរថយន្តទំនើបស៊េរីថ្មី ម៉ាកឡិចស៊ីស និងឡង់គ្រីស័រ ចំនួនបួនគ្រឿង ត្រូវឈ្មួញ បន្លំយកមកពីប្រទេសថៃ ចូលមក ប្រទេសកម្ពុជា តាមច្រកទ្វារប៉ោយប៉ែត ដោយពាក់ស្លាក លេខ ខ្មែរហើយបើកចេញពីទឹកដីថៃ (រត់ពន្ឋ) មកយ៉ាងរំភើយ ។
ដោយឃើញទើសភ្នែកពេក ប៉ូលិសអន្តោប្រវេសន៍ ក៏បានស្ទាក់ចាប់ បានរថយន្ត ឡង់គ្រីស័រ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៤ មួយគ្រឿងយកមក ប្រគល់ជូន មន្ត្រីគយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ។ករណី ខាងលើនេះ ថ្នាក់លើ មិនគួរមើលរំលងឡើយ ជាពិសេស លោក បណ្ឌិត ប៉ែន ស៊ីម៉ន មេគយម៉ាស្រុក ខ្មែរ ត្រូវគិតគូរបញ្ហានេះឡើងវិញ ជួយដាស់តឿនក្រើន រំលឹកលោក ឈួន ហៃ ប្រធានការិយាល័យ គយនិងរដ្ឋាករប៉ោយប៉ែតផងទាន កុំឲ្យគាត់ស្ពឹកស្រពន់ខ្លាំងពេក ឬមួយក៏ចាំសម្តេច តេជោស្រែក បានអស់លោកភ្ញាក់ខ្លួន? សូមកុំភ្លេចថាគោលនយោបាយកែទម្រង់ស៊ីជម្រៅថ្មី របស់រដ្ឋាភិបាលនៃនីតិកាល ទី៥នេះ តើអនុវត្តន៍ បានហើយឬនៅ?៕ ដោយ៖ អ្នកប្រម៉ាញ់ជាយដែន