ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យអរិយធម៌ដឹងថា លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការរង នគរបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរភារកិច្ចផ្លាស់ទៅកាន់តួនាទីជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួស លោកឧត្តមសេនីយ៍ ឆាយ គឹមស៊ុនហៅតាគ្រុយ ដែលត្រូវដល់អាយុចូលនិវត្តន៍។
លោកបែន រ័ត្ន ដែលគ្រប់មជ្ឈដ្ឋានបានដឹងថា មុនចូលបំរើការងារជានគរបាលគឺលោកបែន រ័ត្ន ជាមន្ត្រីបំរើ ការងារជាមន្ត្រីពាណិជ្ជកម្មខេត្តក្រចេះ។ ក្រោយពេលផ្លាស់ការងារជាមន្ត្រីនគរបាល លោកបែន រ័ត្ន បានចូលបំរើ ក្នុងអង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ នៅនាយកដ្ឋាន ដែលគេហៅថា នគរបាលសេដ្ឋកិច្ច។
លោកបែន រ័ត្ន បានឡើងបុណ្យស័ក្តិជាបណ្តើរៗ ហើយមានភាពរលូនរហ័សជាងមន្ត្រីនគរបាលមួយចំនួន ដែលបានចូលបំរើការងារជានគរបាលរួមជំនាន់។ លោកបែន រ័ត្ន ឡើងឋានៈតួនាទីពីមន្ត្រីនគរបាលរហូតដល់ ឈោងចាប់បានតំណែងអនុនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានពាក់ផ្កាយមួយទទួលតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ច អង្គុយមិនទាន់ បានក្តៅគូទផង លោកបែន រ័ត្ន ត្រូវផ្ទេរភារកិច្ចមកទទួលបន្ទុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល បន្ទុកផែនសេដ្ឋកិច្ចដែរ។
មកដល់ដើមឆ្នាំ២០១៤នេះ លោកបែន រ័ត្ន ត្រូវបានថ្នាក់លើស៊ីញ៉េបោះត្រារួចហើយនៅរង់ចាំតែដល់ថ្ងៃ ប្រកាសប៉ុណ្ណោះ ទៅកាន់តួនាទីជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឆាយ គឹមស៊ុនហៅតាគ្រុយ ដែលត្រូវដល់ឆ្នាំចូលនិវត្តន៍ ហើយប៉ុស្តិ៍ស្នងការរងរាជធានីភ្នំពេញ ដែលជាកៅអីរបស់លោកបែន រ័ត្ន គឺស្នងការ រងទទួលបន្ទុកផែនសេដ្ឋកិច្ចនោះ ត្រូវបានទៅលើលោកសុង លី ផ្ទេរចេញពីផ្នែកព្រហ្មទណ្ឌនៃស្នងការនគរបាល រាជធានី។ ពិធីផ្ទេរនិងឡើងកាន់តំណែងនេះ ត្រូវប្រកាសក្នុងសប្តាហ៍នេះហើយ៕ នាយស្មាន់ឡេះ
» Breaking News, ព័ត៌មានជាតិ » លោកបែន រ័ត្ន ចេញពីភ្នំពេញទៅកំពង់ចាម