ភ្នំពេញ ៖យុវជនម្នាក់បោកក្បាលនឹងបង្គោលដងគោមបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយសារពួកគេជិះម៉ូតូវីវ៉ាមួយ គ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលឡើងចិញ្ចើមផ្លូវបុកចំបង្គោលដងគោម មុខស្ថានទូតបារាំងតាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២និង ៣០ នាទីយប់ឈានចូលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេល កើតហេតុគេសង្កេតឃើញយុវជន ២នាក់ខាងលើ ជិះម៉ូតូវីវ៉ាពណ៌ខ្មៅ មួយគ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៧០ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចរង្វង់មូលជ្រោយចង្វា ក៏បានទាញ ចង្កូតបត់ខាងស្តាំដៃគ្មានការប្រុងប្រយ័ត្ននឹងមិនបន្ថយល្បឿនក៏បណ្តាលឲ្យជ្រុលរេចង្កូតឡើងចិញ្ចើមផ្លូវទៅបុកនឹងបង្គោលដងគោមពេញទំហឹងតែម្តងបណ្តាលឲ្យយុវជនម្នាក់ត្រូវជាអ្នកឌុបត្រូវបោកក្បាលនឹងបង្គោលដងគោមស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុនឹងម្នាក់ទៀតបោកខ្លួនទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ជនរងគ្រោះទាំង២នាក់ខាងលើនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណបាននៅឡើយទេហើយសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំសាច់ញាតិទៅ ទទួលយក៕ ដោយ៖ ព្រហ្ម ពៅ