ពោធិ៍សាត់៖ រថយន្តម៉ាកអ៊ីស៊ុយស៊ុយមួយគ្រឿង កំពុងមមាញឹកដឹកឈើប្រណិតនាងនួននិងបេង ដោយមានការរុំរឹតកៅស៊ូបំភាន់ភ្នែកជំនាញតាមផ្លូវលេខ៥៥ក្នុងនោះម្ចាស់រថយន្តបានដាក់តុ៤ទៅ៥ នៅខាងលើ ដើម្បីកុំឲ្យគេដឹង។
រថយន្តម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខគ.៤០៤៤ភ្នំពេញ២ ពណ៌សំបកឪឡឹកបាក់សន្ទាស មិនអាចទៅមុខបាននៅចំណុចក្នុងភូមិព្រែកមួយក្បែរដើមផ្ចឹកស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរដងផ្លូវ៥៥នោះបានឲ្យដឹងថា រថយន្តប្រភេទនេះ ឃើញដឹកអីចឹង រាល់ថ្ងៃ មិនដែលឃើញសមត្ថកិច្ច ណាបង្ក្រាបបានម្ដងណាឡើយ។ ប្រភពបានបន្តថា ការដឹកបទល្មើសបែបនេះជួនកាល តាម៉ាប់ដឹកតុមកពីប្រមោយ ឆ្ពោះទៅកាន់ក្រុងពោធិ៍សាត់ ភាគច្រើនជួនកាលគាត់លើកឈើនៅចំណុច ស្រែតាំងយ៉ ដើម្បីយកទៅលក់នៅផ្សារពោធិ៍សាត់។
តាមការបញ្ជាក់ពីសមត្ថកិច្ចមួយកន្លែងនៅតាមដងផ្លូវ ៥៥នោះថា រថយន្តម្ចាស់ឈ្មោះម៉ាប់នេះ ដឹកជាយូរខែឆ្នាំមកហើយមិនដែលទំនេរម្ដងណាសោះព្រោះរូបគាត់ចេះបំភាន់ភ្នែកមហាជននិងសមត្ថកិច្ចជំនាញ ទើបតែនៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៣ ដោយសាររថយន្តបាក់សន្ទាសទៅមុខមិនរួច បែកការតែម្ដង។
លោកផេងវន្នីនាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងបានឆ្លើយប្រាប់អ្នកយកព័ត៌មានយើងតាមទូរសព្ទ័នៅព្រឹកថ្ងៃទី៣ខែកក្កដានេះដែរថា លោកជាប់រវល់ចុះទៅពិនិត្យការកាប់រានដីព្រៃនៅម្ដុំព្រហស្ថ ក្បាល មិនបានទៅមើលទេ ចាំឲ្យកូនចៅទៅពិនិត្យ តែរហូតដល់ម៉ោងជាង៥ល្ងាចមិនទាន់មានចម្លើយ នៅឡើយទេ។ ឯ រថយន្តបានបើកចេញពីកន្លែងដែលខូចបាត់ទៅហើយ៕
ដោយ៖ ឈុន សារុំ