សៀមរាប៖ បច្ចុប្បន្ន ក្នុងក្រុងសៀមរាប ខេត្តសៀរាមត្រូវបានប្រជាពលរដ្ឋរាយការណ៍អោយដឹងថា បានក្លាយទៅជាតំបន់ ទេសចរណ៍ដែលពោរពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទរីកដុះដាលតាមផ្ទះប្រជាពលរដ្ឋ និងទីតាំងធំៗយ៉ាងព្រោងព្រាត ពុំដែលមានការ រំខានពី ក្រុមសមត្ថកិច្ចនិងអាជ្ញាធរឡើយ បែរជាសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរសប្បាយដើរប្រមូលលុយដោយគ្មានការបង្ក្រាបធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយពីសន្តិសុខសុវត្ថិ ភាពកើតមានអំពើប្លន់ លួច ឆក់ ដែលផ្ទុយពីគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង ផ្ទះបើកល្បែងស៊ីសងដ៏ធំមួយកន្លែង ស្ថិតនៅក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមាន ឈ្មោះ ភាត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា រាល់ថ្ងៃ បាននិងកំពុងបើកលេងបៀ អាប៉ោងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយមាន ក្រុមអ្នកញៀនល្បែងចេញចូលយ៉ាងពពាក់ពពូន ហើយមិនមែនតែទីតាំង មួយនេះទេ គឺមានច្រើនកន្លែងទៀតបើកលេងដូចគ្នាផងដែរ។
ប្រភពបន្តថា ក្នុងមួយថ្ងៃៗ មានអ្នកចាញ់ឈ្នះរាប់សិបលានរៀល រហូតថ្ងៃខ្លះមានអ្នកអស់ម៉ូតូក៏មានដែរ ។ ក្រុមអ្នក លេងបាន អោយដឹងទៀតថាពួកគេហ៊ានមកលេងល្បែងស៊ីសងនៅផ្ទះរបស់លោក ភា ព្រោះលោក ភា ប្រាប់ថាមានសុវត្ថិភាព ពុំមាន អ្នកណាហ៊ានចាប់បង្ក្រាបទេ ព្រោះគេបានបង់លុយ ខែអោយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា បើសង្ឃឹមលើលោកមេប៉ុស្តិ៍ស្លក្រាម ឈ្មោះ ញឹកសុផល និងលោក ទិត្យ ណារ៉ុង ដែលជាអធិការ នគរបាលក្រុងសៀមរាបវិញ គឺស្រេចតែម្តងពួកគាត់សម្ងំឈឹង ងាប់ត្រចៀកស្តូក ពុំដែលឃើញមានការចុះ បង្ក្រាបបន ល្បែងស៊ីសងនេះម្តងណាឡើយបែរជាឃើញកូនចៅគាត់ចុះមកប្រមូលលុយពីម្ចាស់ទីតាំងល្បែងស៊ីសងទៅវិញ ។ ក្រៅពីទីតាំងខាងលើ គឺមានផ្ទះបើកបនល្បែងកន្ទុយលេខរាប់សិបផ្ទះ ហើយអ្នកកត់កន្ទុយលេខ រាប់សិបនាក់ ក៏ដំណើរការយ៉ាងផុលផុសរាល់ថ្ងៃផងដែរ ។
ប្រជាពលរដ្ឋនៅខេត្តសៀមរាប ពិសេសអ្នកនៅសង្កាត់ស្លក្រោម បានសំណូមពរដល់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងលោក សត ណាឌី ស្នងការនគរ បាលខេត្តសៀមរាបមេត្តាចាត់វិធានការទប់ស្កាត់បង្ក្រាប ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អោយទទួលបានជោគជ័យ ព្រោះសព្វ ថ្ងៃនេះ គោលការណ៍ភូមិឃុំមានសុវត្ថិភាពមិនទាន់អនុវត្តន៍នៅឡើយទេ ដោយសារតែមានល្បែងស៊ីសងច្រើន ចោរលួច ចោរប្លន់ច្រើន និងការប្រើប្រាស់ និងជួញដូរថ្នាំញៀនក៏ច្រើនដែរ៕